អភិបាលស្រុកស្ទោងបានណែនាំដល់រដ្ឋបាលឃុំព្រមទាំងសហគមន៍ទាំងអស់ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អនិងប្រតិបត្តិការរបស់ខ្លួនទៅតាមតួនាទីភារកិច្ចទើបសហគមន៍មានការីកចំរើន

0

(កំពង់ធំ)៖លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានណែនាំដល់រដ្ឋបាលឃុំព្រមទាំងសហគមន៍ទាំងអស់ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អនិងប្រតិបត្តិការរបស់ខ្លួនទៅតាមតួនាទីភារកិច្ចទើបសហគមន៍មានការីកចំរើន ។
លោក សាយ គឹមឡម បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំជុំទី២ ជាមួយសហគមន៍ក្នុងស្រុកស្ទោងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលាស្រុកស្ទោង ដើម្បីរកបញ្ហាប្រឈមយកមកធ្វើការដោះស្រាយ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន តំណាងសហគមន៍ក្នុងស្រុកស្ទោងដែលរៀបចំដោយអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)។

លោក អែម ប៉ូលី តំណាងអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយបានលើកឡើងថា អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ API ក្នុងគោលដៅរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យល្អប្រសើរជាងមុននូវការការពារ និងការលើកកម្ពស់វប្បធម៌ នៃការបើកចំហរព័ត៌មានសាធារណៈពង្រឹងការចូលរួមបែបប្រជាធិបតេយ្យតម្លាភាព និងគណនេយ្យភាពក្នុងគោលការណ៍ស្ដីពីវិមជ្ឈការ និងសហមជ្ឈការនៅកម្ពុជារបស់ក្រុមប្រឹក្សាស្រុក ក្រុង និងការតស៊ូមតិដើម្បីសមធម៌និងគោលនយោបាយសាធារណៈប្រកបដោយនិរន្តភាព។

ជាមួយគ្នានេះតំណាងសហគមន៍ក៏បានលើកឡើងពីកង្វល់មួយចំនួនដែលបានជួបប្រទះកន្លងមកដូចជា គ្មានទីស្នាក់ការធ្វើការងារ កសិផលគ្មានទីផ្សារ ខ្វះបច្ចេកទេសការដាំដុះនិងចិញ្ចឹមសត្វ បាត់បង់សាមគ្គីភាពផ្ទៃក្នុង និងខ្វះដើមទុនសម្រាប់ប្រតិបត្តិការ ជាដើម ។

លោក សាយ គឹមឡម បានបន្ថែមថាសហគមន៍ក៏ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីឆ្លើយតមនឹងបរិបទនិងបញ្ហាប្រឈមនានាក៏ដូចជាឆ្លើយតបនឹងបញ្ហាឲ្យបានទាន់ពេលវេលា ហើយបើមានបញ្ហាប្រឈមនានា ត្រូវសហការគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា ហើយរដ្ឋបាលឃុំត្រូវជួយសម្របសម្រួលទាំងផ្នែកបច្ចេកទេសនិងរដ្ឋបាល ពិសេសត្រូវបន្តតាមដាននិងត្រួតពិនិត្យដល់សហគមន៍ផងដែរ។

លើសពីនេះលោកបានជំរុញដល់សហគមន៍និងរដ្ឋបាលឃុំត្រូវជ្រើសរើសប្រធានសហគមន៍ដែលមានសមត្ថភាព មានគំនិតផ្តួចផ្តើមទទួលខុសត្រូវជាពិសេសត្រូវមានគណនេយ្យភាពឲ្យបានត្រឹមត្រូវ ហើយសហគមន៍ទាំងអស់ត្រូវផលិត
កសិផលរបស់ខ្លួនឲ្យបានល្អនិងទាំងបរិមាណនិងគុណភាព សុវត្ថិភាពខ្ពស់ទើបផលិតផលរបស់ខ្លួនមានទីផ្សារនិងលក់បានតម្លៃខ្ពស់។