កំពង់ឆ្នាំងៈឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរបែបនេះ កាលពី ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងខែកក្កដា និង លើកទិសដៅអនុវត្តបន្ត
នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការ ចំណុះរដ្ឋបាលខេត្ត មេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំង
៣ ប្រភេទ ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ចូលរួមផងដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានជម្រុញដល់គ្រប់ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងនិងគ្រប់គ្រងមន្រ្តីរាជការក្រោមឱវាទរបស់ខ្លួនអោយបានល្អ, ត្រួតពិនិត្យសកម្មភាពការងារធៀប
ទៅនឹងផែនការសកម្មភាព, អនុវត្តអោយបានតាមគោលការណ៍របស់ថ្នាក់លើ
បានកំណត់ និងត្រូវមានវិធានការណ៍
ចំពោះមន្រ្តីរាជការណាមិនគោរពតាម
ច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល
នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ដាក់ចេញនូវទិសដៅសំរាប់អនុវត្តបន្តគ្រប់អង្គ្ភភាពពាក់ព័ន្ធក្នុងខេត្តត្រូវសហការជាមួយអាជ្ញាធរដែនដី រៀបចំសោភណភាពក្នុងក្រុង ស្រុក រៀបចំដាក់អំពូលសូឡាបំភ្លឺតាមដងផ្លូវ រៀបចំសួនច្បារតាមមាត់ទន្លេភូមិកំពុងអភិវឌ្ឍន៍ រៀបចំអភិវឌ្ឍន៍តំបន់ទេសចរធម្មជាតិ រៀបចំផ្លូវក្នុងក្រុងដោយចាក់កៅស៊ូ និង បេតុងអោយបានគ្រប់ផ្លូវ ទប់ស្កាត់ការចាក់ដីដោយគ្មានច្បាប់អនុញ្ញាត រក្សាការពារធនធានធម្មជាតិ ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ រក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទួលខុសត្រូវរបស់ខ្លួនឲ្យបានល្អ ។
ជាពិសេសបន្តបំរើសេវាសាធារណ ដោះស្រាយសំណូមពរចាំបាច់ សំណូមពរតម្រូវការនិងទំនាស់ដែលនៅសេសសល់អោយបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានផ្តាំ
ផ្ញើអោយគ្រប់អង្គភាពជុំវិញខេត្ត និង អាជ្ញាធរក្រុងស្រុកចង់សម្រេចបាននូវទិសដៅខាងលើប្រកបដោយប្រសិទ្ធភាពខ្ពស់ ត្រូវប្រតិបត្តិតាមតួនាទី ភារកិច្ចរបស់ខ្លួន ដោយមានផែនការសកម្មភាពការងារច្បាស់លាស់ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលមានសម្តេច តេជោ ហ៊ុន សែនជាប្រមុខ។
ជាពិសេសគ្រប់អង្គភាពជុំវិញខេត្តនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមផ្សព្វផ្សាយអំពីវិធានការបង្ការនិងទប់ស្កាត់ជំងឺផ្សេងៗនិងបន្តយកចិត្តទុកដាក់ចូលរួមផ្សព្វផ្សាយ អប់រំអំពីវិធានការបង្ការការ ការពារជំងឺកូវីដ-១៩ ប្រភេទថ្មី និង ជំងឺអ៊ុតស្វា អោយប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបស្រប
តាមការណែនាំរបស់ក្រសួងសុខាភិបាលបានកំណត់៕សុខ គឹមសៀន




































