ដោយ លឹម ប៉ៃលិន
កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាពបរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់កាន់តែមានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាលភាព និងការងារអប់រំសិក្សាធិការជាមូលដ្ឋាន។
ការអះអាងបែបនេះក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅមន្ទីរផែនការខេត្តកំពង់ចាម ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រដ្ឋបាលខេត្ត បានអភិវឌ្ឍន៍ ទាំងផ្នែករូបវន្ត និងអរូបវន្តជាពិសេសការកែលម្អ សោភ័ណ្ឌភាពទីក្រុង និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ជាតិ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សំណើគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តមានចំនួន៥៥១គម្រោង សំណើគម្រោងវិនិយោគក្រុង ស្រុកមានចំនួន៧៤៦គម្រោង និងសំណើគម្រោង វិនិយោគឃុំ សង្កាត់មានចំនួន ៤,៤៣៨គម្រោង ដែលជាតម្រូវការជាអាទិភាពកំពុងស្វែងរកថវិកាគាំទ្រសម្រាប់អនុវត្តឆ្នាំ២០២៣។ ដូចច្នេះ ទាមទារឲ្យមានការចូលរួមគាំទ្រពីមន្ទីរ អង្គភាពជុំវិញខេត្ត អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា សហការរួមគ្នាដោះស្រាយបញ្ហាដែលកើតមាននៅមូលដ្ឋានផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានស្នេីដល់មន្ទីរជំនាញ និងភ្នាក់ងារអភិវឌ្ឍន៍ សូមប្រើប្រាស់ឲ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ស្ថាប័ន ឬធនធានពីដៃគូរនានា បន្តផ្តល់ការគាំទ្រដល់គម្រោងសកម្មភាពអាទិភាពរបស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ បន្ថែមទៀត ៕




































