ប្រទេសថៃ ៖ ទីតាំងចំនួន២កន្លែង ក្នុងខេត្តប៉ាធុំថានី ដែលបាន និង កំពុងផលិត ចែកចាយ ប៊ីចេង អាជីណូម៉ូតូ និង ម៉្សៅរ៉តឌី ក្លែងក្លាយ ត្រូវបានកម្លាំងជំនាញស្រាវជ្រាវរកឃើញចំនួន២កន្លែង បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ក្រុមហ៊ុន អាជីណូម៉ូតូ ប្រចាំប្រទេសថៃ ថាមានប៊ចេងក្លែងក្លាយលក់នៅលើទីផ្សារ។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នេះ កម្លាំងតម្រួតប្រឆាំងបទល្មើសសេដ្ឋកិច្ចថៃ បានចុះស្រាវជ្រាវនិងបានរកឃើញទីតាំង ផលិត.ចែកចាយ ប៊ីចេង និងម៉្សៅរ៉តឌី កន្លែងក្លាយចំនួន២កន្លែង ដែលប៉ះពាល់ដល់កម្មសិទ្ធបញ្ញាផង និងអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផង។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចុះទៅកាន់ចំណុច លំនៅឋានមួយកន្លែង ក្នុងភូមិ៦ ឃុំបាងតឺយ ស្រុកសាមខូត ខេត្តប៉ាធុំថានី និងទីតាំងមួយកន្លែងទៀត ក្នុងផ្ទះជួលមួយកន្លែង ក្នុងឃុំបានខ:យ៉ែង ស្រុកមឿង ខេត្តប៉ាធុំថានី។
នៅក្នុងនោះដែរសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងបានចំនួន ៣ នាក់ ដែលជាជនជាតិថៃមានឈ្មោះ ១.ស្ងួន ចតុផុន ភេទប្រុស អាយុ៣០ឆ្នាំ ២.ស្ងួន ភុតអន ភេទស្រី អាយុ៤៣ឆ្នាំ និង ៣.ស្ងួន មៀត ភេទស្រី អាយុ ៥៧ ឆ្នាំ ដែលពួកគេរួមគ្នាផលិតគ្រឿងឧបភោគក្លែងក្លាយ និងបានចែកចាយទៅលើទីផ្សារក្នុងខេត្តប៉ាធុំថានី និងខេត្តជិតខាងអស់មួយចំនួនធំទៅហើយ ។
ពួកគេបានសារភាពថា ពួកគេបានប្រើ ម៉្សៅ ម៉ូណូសូដៀម ក្លុយតាម៉េត ជាវត្ថុធាតុដើមសម្រាប់លាយធ្វើប៊ីចេង ហើយច្រកទៅក្នុងថង់អាជីណូម៉ូតូ ដែលពួកគេបានកូពីរួចជាស្រេច ដើម្បីបញ្ចេញលក់ទៅលើទីផ្សារ។
នៅពេលនោះដែរ សមត្ថកិច្ចបានដកហូតឧបករណ៍ផលិត និងវេចខ្ចប់ រួមជាមួយវត្ថុតាងជាច្រើនទៀត ដើម្បូីបញ្ជូនជាមួយជនសង្ស័យទៅតាមផ្លូវច្បាប់ ៕ អត្ថបទ : ព្រាប.ស