ខេត្តកំពង់ធំ៖ ស្រូវស្រែជិត ២ពាន់ហិចតា បាននិងកំពុងរងការជន់លិច ដោយជំនន់ទឹកភ្លៀង ដែលហូរចាក់ពីដងស្ទឹងសែន ហើយប្រជាកសិករបានអំពាវនាវដល់អាជ្ញាធរ រកកិច្ចអន្តរាគមន៍ជួយសង្គ្រោះស្រូវ ចេញពីរបបជំនន់ទឹកភ្លៀង បើពុំនោះទេស្រូវទុំក្រហមច្រាលពេញស្រែ នឹងការខូចខាតអស់ជាក់ជាពុំខានឡើយ។
ស្រូវស្រែទាំងជិត ២ពាន់ហិចតា ដែលកំពុងរងការលិចលង់ ដោយជំនន់ទឹកភ្លៀងនោះ គឺស្ថិតនៅក្នុងភូមិចំនួន ៥ គឺភូមិបូពឹង ភូមិខ្សាច់ជីរស់ ភូមិកំពង់គោលើ ភូមិកំពង់គោក្រោម និងភូមិកោះគ្របបាយ ដែលភូមិទាំងអស់នេះ ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រជាកសិករនៅក្នុងតំបន់លិចលង់ស្រូវនោះ បានរៀបរាប់ឲ្យដឹងថា ជារៀងរាល់ឆ្នាំ ពួកគាត់ពុំដែលជួបទឹកធំ ធ្វើឱ្យខូចផលដំណាំស្រូវរបស់ពួកគាត់បែបនេះនោះទេ ទើបតែឆ្នាំនេះស្ថានភាពទឹក បានបង្កផលប៉ះពាល់ដំណាំស្រូវរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ។
ប្រជាកសិករបានរៀបរាប់ទៀតថា កាលពីរដូវទឹកសម្រក ពួកគាត់អាចធ្វើស្រូវយ៉ាងហោចណាស់ក៏បាន ៧តោន ក្នុង១ហិតា ប៉ុន្តែ ឆ្នាំនេះពួកគាត់ធ្វើស្រូវបានត្រឹមតែ ៣តោនប៉ុណ្ណោះ ក្នុង១ហិតា ដោយសារតែការលិចលង់ ច្រូតកាត់មិនទាន់ ទើបធ្វើឲ្យពួកគាត់ច្រូតស្រូវបានតិចតួច។ ពួកគាត់បន្តថា ចំពោះតម្លៃស្រូវបច្ចុប្បន្ន ពួកគាត់លក់បាន ១គីឡូក្រាម តម្លៃ ៦០០រៀល ទៅ ៧០០រៀល ខណៈឆ្នាំមុន ពួកគាត់លក់បាន ១គីឡូក្រាម តម្លៃ ៨០០រៀល ទៅ ៩០០រៀល សម្រាប់ទ្រទ្រង់ក្នុងជីវភាពរស់នៅ។
ប្រជាកសិករ បានត្អូញត្អែរពីការធ្លាក់ចុះតម្លៃស្រូវ ដែលជាហេតុធ្វើឲ្យពួកគាត់ជួបផលពិបាកក្នុងការផ្គត់ផ្គង់ ទ្រទ្រង់តម្លៃទីផ្សារខ្ពស់ នៃតម្រូវការប្រើប្រាស់ ដូចជាជី ប្រេង និង ថ្នាំ ជាដើម។ល។
ជំទប់ទី១ ឃុំកំពង់គោ លោក តឿ ផល្លា បានទទួលស្គាល់ថា ស្រូវស្រែរបស់ប្រជាពលរដ្ឋ នៅភូមិសាស្ត្រខាងលើនោះ ប្រមាណជិត ២ពាន់ហិចតា ពិតជាត្រូវបានលិចលង់ ដោយសារជំនន់ទឹកភ្លៀង ដែលហូរចាក់ពីដងស្ទឹងសែន នោះមែន។
លោក លោក តឿ ផល្លា បានបញ្ជាក់ថា ក្នុងនាម ជាអាជ្ញាធរដែនដី លោកសូមអំពាវនាវ ដល់មន្ទីរពាក់ព័ន្ធនានា ជាពិសេស មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ជួយចុះពិនិត្យដល់តំបន់អូរតូចឡាក ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នោះផង។ លោក ក៏បានស្នើឲ្យមានការជួយដោះស្រាយធ្វើទ្វារទឹកធារាសាស្ត្រ ដើម្បីឱ្យប្រជាកសិករអាស្រ័យផលនៅក្នុងរដូវទឹកតំឡើង ដែលជាតម្រូវការចាំបាច់ ពេលស្រូវរបស់ពួកគាត់មិនទាន់ប្រមូលផលអស់ គឺ យើងមានទ្វារទឹកសម្រាប់បិទ លុះប្រជាកសិករប្រមូលផលអស់ហើយ យើងបើកទ្វារទឹកវិញ ដើម្បីឲ្យទឹក និងត្រីចរាចរណ៍ចេញចូលទៅមកបានធម្មតាឡើងវិញ ។
អភិបាលស្រុកកំពង់ស្វាយ លោក អ៊ុន បុត្ត បានប្រាប់ឱ្យដឹងដែរថា លោកបានជ្រាបព័ត៌មាន ពីការលិចលង់ស្រូវរបស់ប្រជាកសិករ ដែលមានចំនួនជិត ២ពាន់ហិចតា នេះហើយ និងនៅពេលនេះដែរ អាជ្ញាធរស្រុក កំពុងតែរកដំណោះស្រាយ ជូនប្រជាពលរដ្ឋនោះហើយ៕ដោយ៖ឡុង សំបូរ