ប្រមូលជនសតិមិនប្រក្រតី និងជនបែកថ្នាំ ជាង១០០នាក់ ពីក្រុងបាត់ដំបង បញ្ជូនទៅមណ្ឌលជាតិស្តារនីតិសម្បទាកែវផុស

0

ខេត្តបាត់ដំបង ÷ ជនសតិមិនប្រក្រតី និងជនបែកថ្នាំ ដែងតែដើរអុកឡុករំខានដល់ក្តីសុខរបស់ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង ត្រូវបានប្រមូលទាំងអស់ដើម្បីបញ្ជូនទៅកាន់មណ្ឌលជាតិស្តារនីតិសម្បទា ក្នុងខេត្តព្រះសីហនុ។

  1.    រយ:ពេលប៉ុន្មានថ្ងៃនាដើមសប្តាហ៍នេះ ដោយទទួលបាននូវបទបញ្ជាពីឯកឧត្តមអភិបាលខេត្ត សុខ លូ រួចមក កម្លាំងនគរបាលក្រុង កម្លាំងកងរាជអាវុធហត្ថក្រុង និង ចៅសង្កាត់ទាំង១០ បានសហការគ្នា ចុះប្រមូលជនដែលមានសតិមិនប្រក្រតី ជនបែកថ្នាំ និងអ្នកដើរសុំទាន ដែលតែងតែរំខានក្តីសុខរបស់ប្រជាពលរដ្ឋនៅគ្រប់ច្រកល្ហក ក្នុងក្រុងបាត់ដំបង បានប្រមាណ ១៣០ នាក់។

នៅក្នុងកិច្ចប្រតិបត្តិការដែលដឹកនាំដោយលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង គឺបានប្រមូលជនទាំងអស់នេះទៅកាន់អធិការនគរបាលក្រុងបាត់ដំបង ជាបណ្តោះអាសន្ន ដើម្បីសាកសួរប្រវត្តិខ្លះ និងធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀន ព្រមទាំងបានចែកស្បៀងអាហារខ្លះៗ និងសម្លៀកបំពាក់ មុនពេលបញ្ជូនទៅកាន់មណ្ឌល។  នៅក្នុងនោះផងដែរ ឯកឧត្តមអភិបាលខេត្ត សុខ លូ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជា្ញធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន  ថ្នាក់ដឹកនាំខេត្ត ក្រុង កងកម្លាំង និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធ ក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំជួយអស់ពីកម្លាំងកាយកម្លាំងចិត្តដើម្បីប្រមូលជនសតិមិនប្រក្រតី ជនបែកថ្នាំដែលតែងតែបង្កអសន្តិសុខ និងធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ក្នុងក្រុងបាត់ដំបងនាពេលកន្លងមក ។

គួរបញ្ជាក់ដែរថា អ្នកទាំងអស់នេះ ត្រូវបញ្ជួនទៅកាន់មណ្ឌលជាតិស្តារនីតិសម្បទា(កែវផុស)ស្ថិតនៅភូមិរិទ្ធី ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានត្រៀមរៀបចំរួចជាស្រេច ៕ អត្ថបទ : ព្រាប.ស