http://www.youtube.com/watch?v=48K2z-iG7tM អាម៉េរិក ស្នើកូរ៉េ ខាងជើង លើកលែងទោស ដល់ ជនជាតិ អាម៉េរិក ដែលជាប់គុក ៦ឆ្នាំ ជនជាតិអាម៉េរិក មួយរូប ដែលបានធ្វើដំណើរ កំសាន្តនៅកាន់កូរ៉េ ខាងជើង តែបែរ ជាហែកទិដ្ឋាកា របស់ខ្លួនចោល ដើម្បីសុំសិទ្ធិជ្រកកោណ ផ្នែកនយោបាយ នៅកូរ៉េខាងជើង នោះត្រូវ បានតុលាការ ប្រទេសកុម្មុយនិស្តមួយនេះ កាត់ទោសឲ្យជាប់ក្នុងពន្ធនាគារកម្រិត ធ្ងន់ចំនួន ៦ឆ្នាំ។ បន្ទាប់ពី ទទួលព័ត៌មាននេះ ភ្លាមៗរដ្ឋាភិបាលអាម៉េរិក បានដាក់សំណើសុំឲ្យ ធ្វើការដោះលែងជនជាតិ អាម៉េរិករូបនោះ និង ពីររូបផ្សេងទៀតភ្លាមៗ ដែលពួកគេ កំពុងជាប់ឃុំឃាំងនៅកូរ៉េខាងជើងដែរនោះ។
ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ បានចេញផ្សាយនៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា នេះថាលោក មីល្លឺ ត្រូវបាន តុលាការកូរ៉េខាងជើង កាត់ទោសកាលពីថ្ងៃអាទិត្យ ឲ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ ហើយត្រូវ បម្រើការងារជាកម្មករកម្រិតធ្ងន់នៅក្នុងពន្ធនាគារនោះផងដែរ។ លោក មីល្លឺ វ័យ ២៤ឆ្នាំ ត្រូវបាន អាជ្ញាធរកូរ៉េខាង ជើងចាប់ខ្លួនកាលពីខែមេសា។ ដោយសារតែរូបលោក បាន សម្រុកចូលមក តាមច្រកព្រំដែន និង ធ្វើការហែកលិខិតឆ្លងដែនខ្លួនឯងនៅមុខមន្ត្រីយាមច្រក ក្នុងន័យសុំសិទ្ធិ ជ្រកកោណ។
ទង្វើនេះ ត្រូវបានកូរ៉េខាងជើងចាត់ទុកជាទង្វើគឃ្លើន និង មានចេតនាក្នុង បង្កបទល្មើស ប្រឆាំងរដ្ឋ។ បន្ថែមពីនេះ លោក មីល្លឺ ក៏ត្រូវបានតុលាការចោទប្រកាន់ថាបាន ប្រព្រឹត្តទង្វើ បំពាន និង ម៉ាក់ងាយដល់ច្បាប់របស់កូរ៉េខាងជើងផងដែរ។ គួរបញ្ជាក់ថា ការអំពាវនាវរបស់អាម៉េរិក គឺជាការធ្វើឡើងដោយប្រយោល និង ពុំមានអ្វី ជាថ្នូរ នឹងការដោះលែងនោះឡើយ។ ដោយឡែកកូរ៉េខាងជើងវិញ ក៏មិនទាន់មានការឆ្លើយតប ចំពោះការអំពាវនាវនេះដែរ៕ដោយផន សុខជាតិ