ទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញបើកលេងយ៉ាងរំភើយមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅស្រុកស្វាយអន្ទរ

0

ខេត្ដព្រៃវែង ៖ទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញ( កញ្ចក់ទូរទស្សន៍)នៅភូមិបឹងរ៉េច ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បាននឹងកំពុងបើកដំណើរការយ៉ាងរលូនលេងជារៀងរាល់ថ្ងៃ ដោយ មិនញញ្ញើតនិងអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ ហើយម្យ៉ាងវិញទៀតអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់។

ប្រភពពីអ្នកចេញចូលលេងល្បែងសុីសងមាន់ជល់តាម អនឡាញ បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាចំពោះទីតាំងជល់មាន់ប្រភេទអនឡាញ នេះគឺបើកលេងយ៉ាងគគ្រឹកគគ្រេង ម្យ៉ាងវិញទៀតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនដែលឃើញធ្វើការបង្ក្រាបនោះឡើយ។

ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងជល់មាន់ប្រភេទអនឡាញ នេះពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញ្ញើតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននោះឡើយ។

ពលរដ្ឋមានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងអស់ហើយទេដឹងទើប បើកលេងល្បែងសុីសងជល់មាន់ប្រភេទអនឡាញ បានយ៉ាងគគ្រឹកគគ្រេងបែបនេះ។

ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ។

គួរម្លឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​សុខ​សុវត្ថិភាព​ជួនប្រជាពរដ្ឋ​ ឲ្យ​ស្របតាម​ គោល​ នយោបាយ​ ភូមិ​ ឃុំ​ សង្កាត់ មានសុវត្តិភាព ទាំង៧​ចំណុច​ របស់​ រាជរដ្ឋាភិបាល​ ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ជុំវិញករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើង សុំការបំភ្លឺពី លោកអធិការស្រុកស្វាយអន្ទរលោកអ៊ុង ផាន តាមប្រព័ន្ធអេឡិចត្រូនិច (what App )លោកអញ្ជើញចូលមើលហើយតែមិនឆ្លើយតប។

ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងសុីសងជល់មាន់ប្រភេទអនឡាញទាំងនេះផង បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តមអភិបាលខេត្តព្រៃវែងនិងលោកឧត្ដមសេនីយ៍ទោ ស្នងការខេត្ដព្រៃវែង លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំថានិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងនឹងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចឬសមុីភាគីពាក់ព័ន្ធទាំងអស់ដើម្បីឱ្យពលរដ្ឋអស់ការមន្ទិលសង្ស័យ៕