ក្រុមប្រឹក្សាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ ស្តីពីរបាយការណ៍ប្រចាំខែ ការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ឆ្នាំ២០២២

(កំពង់ធំ)÷ លោកជំទាវ យស់ ថានារី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឈុន ឈន់ ប្រធានសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមលោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ធំ។

ថ្លែងក្នុងកម្មវិធីនេះលោកជំទាវ យស់ ថានារី សមាជិកក្រុមប្រឹក្សាខេត្ត ក៏បានលើកយករបៀបវារៈក្នុងកិច្ចប្រជុំមាន÷១.ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្ត។ ២.ពិនិត្យ និងអនុម័ត ដោយរបាយការណ៍ប្រចាំឆមាសទី១ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។ ៣.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ កក្កដា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។ ៤.បញ្ហាផ្សេងៗ។

ឆ្លៀតក្នុងឱកាសនេះលោកជំទាវ យស់ ថានារី សមាជិកក្រុមប្រឹក្សាខេត្តបានលើកឡើងពីការកែអក្ខរាវិរុទ្ធពាក្យពេចន៍ និងទំរង់ឯកសារផ្សេងៗទៀត នៅក្នុងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តដើម្បីឲ្យមានលក្ខណៈល្អប្រសើរឡើង។ រៀបចំធ្វើការចុះផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្ត ដែលទទួលបានពីថ្នាក់ជាតិ ចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដើម្បីស្ដាប់ឱ្យបានពីបញ្ហាលំបាក និងសំណូមពររបស់ពួកគាត់ ជាពិសេសបានចុះសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា។ បានដឹកនាំក្រុមការងារ និងមន្ត្រីជំពេញពាក់ព័ន្ធ ចុះពិនិត្យទិដ្ឋភាពជាក់ស្ដែងបន្ថែមទៀត នៅដីតំបន់២ និងដីតំបន់៣នៃបឹងទន្លេសាប ដែលប្រជាពលរដ្ឋបានរស់នៅ និងកំពុងអាស្រ័យផល រយៈពេលជាយូរឆ្នាំ ស្ថិតនៅក្នុងឃុំព្នៅ និងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ ពីការធ្វើរបាយការណ៍ប្រចាំខែ សូមឱ្យមន្ទីរអង្គភាពទាំងអស់ប្រញាប់ផ្ញើរបាយការណ៍ឲ្យបានមុនខែ ដើម្បីឱ្យរដ្ឋបាលខេត្តដាក់បញ្ចូលជាឯកសារ និងបែងចែកតួនាទី/ភារកិច្ច ក្នុងការពិនិត្យរបាយការណ៍ប្រចាំខែ ឲ្យមានលក្ខណៈល្អប្រសើរ។ ពាក់ព័ន្ធនឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក សូមឱ្យមានការប្រុងប្រយ័ត្ន និងយោគយល់ឱ្យគ្នាទៅវិញទៅមក ដើម្បីកុំឲ្យមានការគ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូន ដែលធ្វើចរាចរណ៍ទៅមក។