ពិធីសម្ពោធសាលាធម្មសភា និង សមិទ្ធផលនានាក្នុងវត្ត រតនគុណារាម (រោងគោ)ឃុំ ចំណោម ស្រុកមង្គលបូរី

0

បន្ទាយមានជ័យ៖សមិទ្ធផលជាច្រើនរួមមាន សាលាធម្មសភា ព្រះវិហារ កុដិ ក្លោងទ្វារ របងវត្ត វច្ចកុដិ(បន្ទប់ទឹក) ឈាបនដ្ឋាន (ប៉ាឆា) កប្បិយកុដិ(រោងបាយ) រូបសំណាក និង ចាក់ធ្លាវត្ត ដោយចំណាយថវិកាសរុប ៣២៤.០៩៨ ដុល្លារសហរដ្ឋអាមេរិក ត្រូវបានធ្វើពិធីបុណ្យឆ្លង នាថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២២ ក្នុងវត្តរតនគុណារាម (រោងគោ)ឃុំ ចំណោម ស្រុកមង្គលបូរី ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និង លោកជំទាវ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមាន ជ័យ បានមានប្រសាសន៍ថា ការរីកចម្រើនលូតលាស់សមិទ្ធផលនានាជាច្រើនស្ទើរគ្រប់វត្តអារាម នាបច្ចុប្បន្ននេះគឺអាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាពពេញលិញ គឺជាកម្លាំងចលករមួយដ៏រស់រវើក របស់សង្គមជាតិយើង ដូចនេះការលុបបំបាត់ព្រះពុទ្ធសាសនានិងវត្តអារាម នៅអន្លង់របស់កម្ពុជាប្រជាធិប តេយ្យ គឺជាការបំផ្លាញរាល់តំលៃខាងស្មារតី សម្ភារៈរបស់ព្រះពុទ្ធសាសនាយ៉ាង ធ្ងន់ធ្ងរជាទីបំផុត ធ្វើឲ្យឆន្ទៈមនុស្សម្នាក់ៗ ប្រកាន់ភាពហឹង្សាមកដាក់ខ្លួន ហើយរំលោភជិះជាន់កេងប្រវ័ញ្ច កាប់សម្លាប់ លួច ឆក់ ប្លន់ជាដើម។

ឯកឧត្តម អ៊ុ រាត្រី ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លា រួមសាមគ្គីគ្នាចំណាយទ្រព្យធនផ្ទាល់ខ្លួន ជួយកសាងនូវសមិទ្ធផលនានាក្នុងវត្ត នេះបានរួចរាល់ជាស្ថាពរទុកសម្រាប់ព្រះសង្ឃបានប្រើប្រាស់ ទៅតាមតម្រូវការក៏ដូចជា កំណប់ទ្រព្យសម្រាប់ជាតិក្រោយៗផងដែរ។ ជាពិសេសសូមថ្លែង អំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមទៅបោះឆ្នោត និងការពារសុវត្ថិភាព ក្នុងពេល និងក្រោយពេលបោះឆ្នោតដើម្បីឲ្យដំណើរការបោះឆ្នោត ជ្រើស រើស ក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយជោគជ័យគ្មានអំពើហិង្សា និងគាំទ្រគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោត ច្រើនលើសលប់ស្ថិតក្រោមម្លប់សន្តិភាព សុខដុមរមនានៃអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដឹកនាំនាវាកម្ពុជាឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តម ក៏ បានផ្ដាំផ្ញើ ក៏ដូចជាការក្រើនរំលឹកដល់បងប្អូនប្រជាពល រដ្ឋទាំងអស់ បន្តការការពារអនុវត្តឲ្យបានតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលគឺ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន នៃជំងឺឆ្លងកូវីដ១៩ និងក៏សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រៀមលក្ខណៈដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលគណៈ កម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប) បានកំណត់ យក ថ្ងៃអាទិត្យ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខ នេះ។

ចុងបញ្ចប់នៃគណៈអធិបតីបានបំពាក់នូវគ្រឿងឥស្ស រិយយស និងបណ្ណសរសើរ ប្រគេន ដល់ព្រះតេជគុណ និង ជូនដល់សប្បុរសជន ឧបាសក ឧបាសិកា នាឱកាសនោះផងដែរ។ដោយ៖ឃិន គន្ធា