អភិបាលខេត្តរតនគិរី អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងត្រៀមខ្លួនទៅរកទីទួលសុវត្ថិភាព គ្រាជំនន់ទឹកភ្លៀងនៅតែបន្តហក់ឡើងក្នុងកម្រិតខ្ពស!

ខេត្តរតនគិរី៖ អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន នៅថ្ងៃ១១សីហានេះ លោកបានដឹកនាំមន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរជំនាញ និងអង្គភាពកងកម្លាំងទាំង៣ ចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងបន្តហក់ឡើងខ្ពស់ជិតដល់កម្រិតប្រកាសអាសន្ននោះហើយ ស្ថិតនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី ។
ភ្លៀងបានធ្លាក់ជាប់ៗគ្នានាប៉ុន្មានថ្ងៃនេះ ធ្វើឲ្យទឹកទន្លេស្រែពកបន្តហក់ឡើងខ្ពស់ អាជ្ញាធរខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះកុមារ ដូចចាស់ជរា ទ្រព្យសម្បត្តិ រួមទាំងសត្វពាហនៈ ផងនោះដែរ។
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានថ្លែងថា អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេច នូវការប្រើប្រាស់វិធានការសរុប និងមធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរ អាចបង្ករការប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ។
អភិបាលខេត្តបានក្រើនរំលឹក ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មាន អំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ និងត្រូវត្រៀមមធ្យោបាយ ចុះធ្វើអន្តរាគមន៍បានទាន់ពេលវេលា ។
សូមជម្រាបថា យោងតាមរបាយការណ៍របស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានបង្ហាញថា ស្ថានភាពអាកាសធាតុ មានភ្លៀងធ្លាក់ជាប់ៗគ្នាជាប្រចាំ នៅក្នុងអំឡុងសប្ដាហ៍ទី១ និងសប្តាហ៍ទី២ នៃខែសីហា ឆ្នាំ២០២២នេះ រួមផ្សំនឹងការបើកបង្ហូរទ្វារទឹកទំនប់វារីអគ្គិសនីស្រែពក៤ ពីប្រទេសវៀតណាម បានបណ្តាលឱ្យក្នុងភូមិសាស្ត្រស្រុកមួយចំនួន ដែលស្ថិតនៅតំបន់ទំនាប និងតាមបណ្ដោយទន្លេ រងនូវការជន់លិច ដោយសារទឹកជំនន់ ធ្វើឱ្យប៉ះពាល់ទ្រព្យសម្បត្តិ និងផលដំណាំប្រជាពលរដ្ឋក្នុងនោះ លិចស្រូវ ១ស្រុក គឺស្រុកលំផាត់មាន ៣ឃុំ ស្មើនឹង ១០ភូមិ ប៉ះពាល់ប្រជាពលរដ្ឋ ១០៨គ្រួសារ ស្មើនឹងមនុស្ស ៤១៨នាក់ ផ្ទះសម្បែង ២៩ខ្នង ដំណាំកសិកម្ម ៧៣៥ហិកតា ក្នុងនោះមាន ស្រូវសន្ទូង និងស្រូវពង្រោះ ២៤២ហិកតា និងដីចម្ការ និងដំណាំរួមផ្សំ ៤៩៣ហិកតា ផ្លូវលំ ៦កន្លែង ស្មើ ១ពាន់ ៨៦០ម៉ែត្រ ផ្លូវកៅស៊ូ ១កន្លែង ស្មើ ៣០ម៉ែត្រ ផ្លូវបេតុង ១កន្លែង ស្មើ ២០០ម៉ែត្រ និងលូ ១០កន្លែង ថែមទៀតផង៕ដោយ៖ឡុង សំបូរ