ខេត្តព្រះវិហារ៖ កម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀង នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សហការជាមួយកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន នៅក្នុងស្រុករវៀង ចុះបង្ក្រាបរថយន្តស៊េរីទំនើប ១គ្រឿង ដែលគ្រោងនឹងលើកឈើដាក់ក្នុងរថយន្តនោះ ដើម្បីដឹកចេញយកទៅធ្វើជំនួញ នៅឯក្រៅរង្វង់ដែនដីរដ្ឋបាលខេត្តព្រះវិហារ។
ប្រតិប្តិតការរួមគ្នា រវាងកម្លាំងរដ្ឋបាលព្រៃឈើ និងមន្ត្រីប្រដាប់អាវុធនៅថ្នាក់មូលដ្ឋាននោះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅក្នុងបរិវេណផ្ទះ ឈ្មោះ ឈឿន ស្ថិតនៅក្នុងភូមិពោធិ ឃុំរុះរាន់ ស្រុករវៀង ខេត្តព្រះវិហារ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើ ១គ្រឿង ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១សីហា ម្សិលមិញនោះ គឺបានដឹកនាំកម្លាំងចុះបង្ក្រាប ដោយនាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុំ ស៊ីវុត្ថា និងក្រោមការបញ្ជាពី លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ។
សេចក្តីរាយការណ៍ដដែល បានបង្ហើបឲ្យដឹងថា រថយន្តដែលរងការបង្ក្រាប និងត្រូវរឹបអូសនោះ ប្រភេទហាយឡែនឌ័រ ពណ៌ស គ្មានស្លាកលេខ ជារបស់មរឈ្មួញឈើជើងខ្លាំងម្នាក់ ប្រចាំស្រុករវៀង ឈ្មោះ តុលា ក្រុមនេះបានដឹកឈើចេញពីខេត្តព្រះវិហារ នាំយកទៅលក់នៅក្នុងទឹកដីខេត្តកំពង់ធំ មានរយៈពេលជាយូរមកហើយ មិនដែលមានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ ហើយគេបានដាក់ការសង្ស័យថា មេឈ្មួញ តុលា នោះ អាចមានខ្នងបង្អែកធំឈរនៅពីក្រោយ នៃការដឹកជញ្ជូនឈើនោះធ្វើជំនួញ បើពុំនោះទេ មេឈ្មួញ តុលា មិនអាចហ៊ានដឹកឈើទាំងបំពានច្បាប់ និងបានយ៉ាងរលូនបែបនេះឡើយ។
ទោះជាយ៉ាងនេះក៏ដោយចុះ រថយន្តមេឈ្មួញតុលា ១គ្រឿង ក្នុងចំណោមច្រើនគ្រឿងទៀត ត្រូវបានលោក ស៊ុំ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ដឹកនាំកម្លាំងចុះចាប់បានហើយ តែគួរឲ្យសោកស្តាយ ដែលមិនអាចចាប់មេឈ្មួញរូបនោះ នាំខ្លួនមកផ្តន្ទាទោសតាមច្បាប់បាន។
ក្រោយការបង្ក្រាប រថយន្ត ១គ្រឿង និងឈើជ្រុងច្រើនកំណាត់ ត្រូវបានមន្ត្រីព្រៃឈើ នាំយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តព្រះវិហារ ចាត់ការតាមនីតិវិធី៕ដោយ៖ឡុង សំបូរ