ខេត្តព្រះវិហារ៖ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះខេត្ត ក្នុងនោះមានមន្ត្រីផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើរវៀង កម្លាំងកងរាជអាវុធហត្ថខេត្ត ស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរុះរាន់ បានសហការរួមគ្នា ចុះបង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់ ៣គ្រឿង ក្នុងនោះមានរថយន្តប្រភេទហាយឡែនឌ័រ ១គ្រឿង ដែលកម្លាំងសមត្ថកិច្ចបានបង្ក្រាបកាលពីល្ងាច ថ្ងៃទី១១សីហា ហើយត្រូវបានចោរចូលលួច ពីក្នុងបរិវេញរដ្ឋបាលព្រៃឈើរវៀង នៅថ្ងៃបន្ទាប់ ដើម្បីយកទៅដឹកឈើធ្វើជំនួញឡើងវិញ។ ប៉ុន្តែ រថយន្តដែលចោរលួចទៅនោះ ត្រូវសមត្ថកិច្ចតាមចាប់បានយកមកវិញហើយ ជាមួយនឹងការផ្ទុកឈើពេញប្រៀបនៅក្នុងរថយន្តនោះ ផងទៀត។
ប្រតិបត្តិការរួមគ្នា ដែលបានដឹកនាំការបង្ក្រាបដោយផ្ទាល់ ពីលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារនោះ គឺបានធ្វើឡើងនៅវេលាម៉ោង ១២ និង៣០នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ គ្រាដែលរថយន្តទាំងនោះ កំពុងធ្វើសកម្មភាពលើកឈើដាក់ក្នុងរថយន្ត ស្ថិតនៅក្នុងភូមិ ទួលស្នួល ឃុំរុះរាន់ ស្រុករវៀង ខេត្តព្រះវិហារ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចាប់បានរថយន្ត ៣គ្រឿង ដែលផ្ទុកឈើពេញប្រៀប ក្នុងនោះ ១គ្រឿងផ្ទុកឈើលេខ២ ប្រភេទសាំយ៉ុង ពណ៌លឿង ស្ទាក់ចាប់បាននៅព្រំប្រទល់ជីអោក(ព្រះវិហារ-កំពង់ធំ) ,២គ្រឿងទៀត ជារថយន្តដឹកឈើលេខ១ ក្នុងនោះ ១គ្រឿងជារថយន្តប្រភេទស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-0893 និងរថយន្ត ១គ្រឿងទៀត ប្រភេទហាយឡែនឌ័រ ពណ៌ស គ្មានស្លាលេខ ដឹកឈើសុក្រមពេញប្រៀប ជារថយន្តរបស់មេឈ្មួញឈ្មោះ តុលា ចាប់បាននៅភូមិ ឃុំខាងលើ ហើយរថយន្ត ១គ្រឿងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានម្តងរួចមកហើយ គឺនៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅក្នុងបរិវេណផ្ទះ ឈ្មោះ ឈឿន ស្ថិតនៅក្នុងភូមិពោធិ ឃុំរុះរាន់ ស្រុករវៀង ខេត្តព្រះវិហារ។ រថយន្តហាយឡែន ១គ្រឿងនេះ ត្រូវបានបញ្ជូនយកមករក្សាទុក នៅរដ្ឋបាលព្រៃឈើរវៀង ប៉ុន្តែ ត្រូវបានចោរចូលលួចយកទៅបាត់ នៅមួយថ្ងៃក្រោយការបង្ក្រាប។
នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹង កាលពីល្ងាចថ្ងៃម្សិលមិញថា រថយន្តដឹកឈើទាំង ៣គ្រឿងខាងលើនោះ បានរងការបង្ក្រាប និងរឹបអូស ព្រោះគ្មានច្បាប់អនុញ្ញាតនោះទេ ហើយរថយន្តទាំងនេះ បានធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីក្នុងភូមិសាស្ត្រស្រុករវៀង ខេត្តព្រះវិហារ នាំចូលទៅខេត្តកំពង់ធំ ទាំងបំពានច្បាប់។ រីឯការបង្ក្រាបរថយន្តនោះបាន លោកបានសុំកិច្ចសហការជាមួយ កម្លាំងសមត្ថកិច្ចប្រដាប់អាវុធមូលដ្ឋាន គឺចាប់បានរថយន្តផ្ទុកឈើ តែតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
លោក នួន សុខុម បានថ្លែងទៀតថា កម្លាំរដ្ឋបាលព្រៃឈើព្រះវិហារ តែងបានយកចិត្តទុកដាក់ខ្ពស់បំផុត នៅក្នុងកិច្ចការងារ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងនោះ មានការកាប់ឈើ និងការកាប់រុករានទន្ទ្រានដីព្រៃរដ្ឋជាកម្មសិទ្ធផងដែរ។ លោកក៏បានស្នើដល់ស្ថាប័នពាក់ព័ន្ធមានសមត្ថិច្ចនានា និងអ្នកសារព័ត៌មាន ឲ្យចូលរួមទប់ស្កាត់ បង្ក្រាប និងផ្តល់ព័ត៌មានជុំវិញ នៃការកើតឡើងបទល្មើសធនធានធម្មជាតិនេះ ឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព ទៅតាមគោលការណ៍ថ្នាក់លើ ដែលបានដាក់ចុះ។
ក្រោយការបង្ក្រាប រថយន្តដឹកឈើទាំង ៣គ្រឿងនោះ ត្រូវបានបញ្ជូនយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ឡុង សំបូរ