តាកែវៈ នៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២២នេះ ក្រុមអតីតសិស្សដែលបញ្ចប់ឆ្នាំសិក្សាជំនាន់ ២០០៥ បាននាំយកថវិការចំនួន ១៣០០ដុល្លារ ជូនដល់លោកគ្រូនាយកវិទ្យាល័យជាស៊ីមតាកែវ សម្រាប់ចាក់សាប និងរៀបចំការ៉ូឡានៅក្នុងបរិវេនសាលារៀន ដើម្បីលើកសោភ័ណ្ឌភាពសាលាអោយកាន់តែល្អស្អាត ។
លោក ហាក់ រដ្ឋា រត័្ន តំណាងក្រុមអតីតសិស្សជំនាន់ឆ្នាំ២០០៥ បានលើកឡើងថា នេះជាសកម្មភាពក្នុងការចូលរួមជួយដល់សង្គម ហើយក៏ជាការភ្ញាក់រលឹកដឹងគុណ ពីកន្លែងដែលខ្លួនធ្លាប់បានរៀនសូត្រ និងជាអតីតកន្លែងផ្តល់នូវចំណេះវិជ្ជាដល់ពួកគេផងដែរ ។ លោកបន្តថា ចំពោះថវិការនេះ ថ្វីត្បិតតែតិចតួចក៏ពិតមែនតែវាអាចរួមចំនែកក្នុងការចួលរួមជួយអភិវឌ្ឍន៍សាលារៀនរបស់ខ្លួន តបតាមការអំពាវនាវរបស់លោកនាយកសាលាផង ពួកគាត់យល់ថានេះជាគំរូដ៏ល្អសម្រាប់សិស្សគ្រប់ជំនាន់ផ្សេងៗទៀត ដែលអាចមានលទ្ធភាពចូលរួមជួយកសាង និងកែលម្អសាលារៀនដែលខ្លួនធ្លាប់បានរៀនសូត្រអោយកាន់តែល្អស្អាត សម្រាប់ក្មេងៗជំនាន់ក្រោយមានទីកន្លែងសិក្សាបានសមរម្យនិងបរិស្ថានល្អស្អាត ។
ថ្លែងប្រាប់អ្នកសារព័ត៍មាននៅចំពោះមុខអតីតសិស្សបញ្ចប់ការសិក្សាឆ្នាំ២០០៥ លោកគ្រូ ទ្រី ឆាយ នាយកសាលាវិទ្យាល័យជាស៊ីម បានលើកឡើងថា សកម្មភាពរបស់អតីតសិស្សជំនាន់មុន គឺជាគំរូល្អ ដល់ក្មេងជំនាន់ក្រោយ បន្ទាប់ពីពួកគាត់បញ្ចប់ការសិក្សានៅសាលារហូតមក ពួកគាត់អាចមានលទ្ធភាពជួយដល់ខ្លួនឯង ជួយដល់ក្រុមគ្រួសារ និងរហូតឈានមកដល់ជួយដល់សង្គមជាតិបន្ថែមទៀត ជាពិសេសការជួយអភិវឌ្ឍន៍ដល់សាលារៀនដែលខ្លួនធ្លាប់រៀនផងដែរ នេះឆ្លុះបញ្ចាំងអោយឃើញថា «ជាតិជាកូនខ្មែរ មិនដែលភ្លេចដើមកំណើតរបស់ខ្លួននោះទេ» ។ ជាមួយគ្នានេះផងដែរ លោកនាយក ក៏បានបន្តសូមអំពាវនាវដល់អតីតសិស្សជំនាន់មុនៗ ដែលមានលទ្ធភាព មេត្តាចូលរួមគ្នាជួយអភិវឌ្ឍន៍ដល់អតីតសាលារៀនរបស់ខ្លួន ទុកបង្ហាញសម្រាប់ក្មេងៗជំនាន់ក្រោយជាអ្នកបន្តវេន ។ តាកែវ






































