អភិបាលរងខេត្តកំពង់ធំ អញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាល តាមយន្ដការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់

(កំពង់ធំ)÷លោកជំទាវ លំ គន្ឋារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់់ធំ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាល តាមយន្ដការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់។ ដែលសមាសភាពអញ្ជើញចូលរួម លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោកស្រីនាយិកាទីចាត់ការហិរញ្ញវត្ថុ លោក លោកស្រីអភិបាលរងក្រុង ស្រុកទទួលបន្ទុក ប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង/ស្រុក ប្រធានការិយាល័យផែនការគាំទ្រឃុំ សង្កាត់ក្រុង/ស្រុក លោកមេឃុំ/ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ សរុបអ្នកចូលរួមប្រមាណជាង២២០នាក់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ដកំពង់ធំ

ថ្លៃងនៅក្នុងកម្មវិធីនេះលោកជំទាវ លំ គន្ឋារី អភិបាលរងខេត្តបានជំរាបពីគោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយ គឺដើម្បីធានានូវគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃកាផ្ដល់សេវារដ្ឋបាលតាមរយៈយន្ដការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ/សង្កាត់ ក្នុងការផ្សព្វផ្សាយជាសាធារណៈនិងមានភាពច្បាស់លាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្ដែងអ្វីដែលល្អសម្រាប់ការងារដែលរដ្ឋបាលខេត្តឃុំសង្កាត់ អនុវត្តកន្លងមកគឺ ធ្វើយ៉ាងណាយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាលឃុំសង្កាត់ អនុវត្តប្រកបដោយភាពច្បាស់លាស់និងមានទំនួលខុសត្រូវខ្ពស់។

ប្រសាន៍ចុងក្រោយរបស់លោកជំទាវ លំ គន្ធារី សូមអំពាវនាវ និងផ្ដាំផ្ញើដល់ស្មៀនឃុំសង្កាត់នូវចំណុចសំខាន់ៗមួយចំនួនដូចជា រដ្ឋបាលក្រុង/ស្រុកទាំងអស់ ត្រូវគាំទ្រសហការរៀបចំការងារយន្តការនេះជាមួយឃុំសង្កាត់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងមានការជួយគាំទ្រពីរដ្ឋបាលខេត្តផងដែរ។ រដ្ឋបាលឃុំសង្កាត់ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋតាមគ្រប់រូបភាពដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដូចជាតាមរយៈការបិទផ្សាយនៅ ក្តារព័ត៌មាន វេទិកាសាធារណៈ កិច្ចប្រជុំ និងតាមបណ្តាញសង្គមជាដើម។ មេឃុំចៅ សង្កាត់ត្រូវទទួលខុសត្រូវលើការរៀបចំយន្តការនេះដោយមានស្មៀនជាសេនាធិការ។ មេឃុំ សង្កាត់ត្រូវចាត់តាំងបុគ្គលិកឱ្យប្រចាំការនៅទីតាំងយន្តការច្រកចេញចូលតែមួយតាមសេចក្ដីណែនាំនេះ។ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ សូមរដ្ឋបាលឃុំ សង្កាត់ នីមួយៗ កំណត់ថ្ងៃធ្វើការនិងពេលវេលាបំពេញការងារជាក់ស្ដែងរបស់យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាល ឃុំ សង្កាត់។