ខេត្តបាត់ដំបង ÷ ប្រជាពលរដ្ឋដែលមានដីស្រែនិងលំនៅដ្ឋាន ចំណុចអាងភាស ស្ថិតនៅភូមិ គោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រមាណ១០០នាក់ ក្នុងចំណោមជាង២០០គ្រួសារ បានលើកគ្នាមករារាំង មិនអោយគ្រឿង ចក្របន្តកាយយកអាចម៍ដី លើស្រែរបស់គាត់បន្តទៀត កាលពីព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២ នេះ ។
ប្រជាពលរដ្ឋដែលមកតវ៉ា បានអោយដឹងថា ពួកគាត់មកនេះគឺប្រជាពលរដ្ឋមានដីស្រែ និង លំនៅដ្ឋាន លើខ្នងអាងភាស និង រ៉បមាត់ស្ទឹង ទាំងអស់ជិត២០០០ហិចតា ដើម្បីជួយតវ៉ា អោយអាជ្ញាធរ បញ្ឈប់គ្រឿង ចក្រ ក្រុមហ៊ុនឯកជន កាយដីស្រែពួកគាត់ យកអាចន៍ដី និង អោយអាជ្ញាធរឆ្វៀលដីពួកគាត់ ដែលរស់នៅនិង អាស្រ័យផលតាំងពីឆ្នាំ ១៩៨៣មក អោយបានកាន់កាប់ស្របច្បាប់ ។
ប្រជាពលរដ្ឋឈ្មោះ រ៉ើយ បានអោយដឹងថា គាត់មានដីភូមិប្រមាណកន្លះហិចតា នៅរ៉បមាត់ស្ទឹង នៅចំណុច អាងភាសនេះ ដែលអាជ្ញាធរចែកអោយតាំងពីអំឡុងឆ្នាំ ១៩៨០ មកម្លេះ ដែលដីនេះគឺជាដី ភូមិចាស់ របស់ដូនតាគាត់រស់នៅតជំនាន់ មកហើយ ។ អ្នកស្រីបញ្ជាកថា បច្ចុប្បន្ននេះ គាត់មានមុខរបរ រកក្តាមខ្យង ដើម្បីចិញ្ចឹមកូន បីនាក់ ប្រចាំថ្ងៃ បើអាជ្ញាធរយកដីរបស់គាត់នោះ ប្រាកដ ជាគ្មានទី ជម្រកនោះទេ ។
ជុំវិញការតវ៉ារបស់ប្រជាពលរដ្ឋនេះ លោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំខេត្តបាត់ដំបង បានបញ្ជាក់ថា អាជ្ញាធរ បានអោយ ក្រុមហ៊ុន ឯកជន ប្រើគ្រឿងចក្រកាយ តែលើដីដែលប្រជាពលរដ្ឋ មិនអាស្រ័យ ផលតែប៉ុណ្ណោះ ចំណែកដីប្រជាពលរដ្ឋ អាស្រ័យផលជាក់ស្តែង២២គ្រួសារស្មើនឹងជាង៣០ហិចតា គឺមិនបានកាយនោះទេ គឺរង់ចាំដោះស្រាយ ពេលក្រោយ ។ ចំណែកប្រជាពលរដ្ឋដែលរស់នៅលើខ្នងអាងភាស និង រ៉បមាត់ស្ទឹងជិត ២០០គ្រួសារនោះ អាជ្ញាធរមិនទាន់មានគម្រោងណាមួយឱ្យប្រជាពលរដ្ឋ ចាកចេញ នៅឡើយទេ ៕ អត្ថបទ : ព្រាប.ស





































