(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តកែប បានរៀបចំសិក្ខាសាលាវគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតថ្មី អាណត្តិទី៥ នៃខេត្តកែប ក្រោមអធិបតី ភាព លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្ត កែប ដោយមានការចួលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកលោកស្រី ក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ឆ្នោតថ្មីជាច្រើនរូបផងដែរ។
សូមបញ្ចាក់ផងដែរថា ទូទាំងខេត្តកែប មានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សរុបចំនួន ៣១រូប ( ស្រី ០៦រូប) ក្នុងនោះមានសមាសភាពមកពីគណបក្សប្រជាជនចំនួន ២៩រូប និងគណបក្សភ្លេីងទានចំនួន ០២រូប។
លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត កែប បានលេីកឡេីងថា ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី គឺតម្រូវឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងអាណត្តិថ្មីរបស់ខ្លួន ដើម្បីសម្រួលដល់ការងារនៅរដ្ឋបាលឃុំ សង្កាត់ឱ្យបានល្អប្រសើរ។ ក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវគោរពតាមតួនាទីភារកិច្ច និងបទដ្ឋានគតិយុត្តិ ដែលណែនាំសម្រាប់រដ្ឋបាលឃុំ សង្កាត់ យកទៅអនុវត្តឱ្យបានពេញលេញ និងត្រឹមត្រូវ ទោះជាលោក លោកស្រី ដែលបានជាប់ឆ្នោតមកពីគណបក្សណាមួយក៏ដោយ ចាំបាច់លោក លោកស្រី ត្រូវប្រកាន់ភ្ជាប់នូវគោលនយោបាយសុខសន្តិភាព ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
លោកបណ្ឌិត បានបន្ថែមទៀតថា លោក លោកស្រី ត្រូវមានគណនេយ្យភាព ចំពោះប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា និងច្បាប់ ដែលបានប្រគល់សិទ្ធិអំណាច ធនធាន និងការសម្រេចចិត្តក្នុងកិច្ចការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្រេចចិត្ត ក្នុងការអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ម្យ៉ាងវិញទៀតមុខងារ និងធនធានជាច្រើន ត្រូវបានប្រគល់មករដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការបំពេញការងារជូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់សេវាសាធាណៈអោយទាន់ពេលវេលា និងរហ័សនៅកំរិតរដ្ឋបាលនីមួយៗ ជាពិសេសរដ្ឋបាលឃុំ សង្កាត់ ដែលនៅជិតបងប្អូនប្រជាពលរដ្ឋបំផុត។
លោកបានបន្តថា វគ្គបណ្តុះបណ្តាលតម្រង់ទិសដែលរៀបចំដោយសាលាជាតិរដ្ឋបាលមួលដ្ឋាននៃក្រសួងមហាផ្ទៃនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់លោក លោកស្រី ជាសមាជិកសមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបនឹងជាប់ឆ្នោតថ្មី ក្នុងអាណត្តិទី ៥នេះ ។ដូចនេះសូម លោក លោកស្រី ត្រូវយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស ដើម្បីជាពុទ្ធិ ក្នុងការវត្តការងារនៅរដ្ឋបាលរបស់ខ្លួន ប្រកបដោយឆន្ទៈ ការគោរពនូវតួននាទី ភារកិច្ច ឱ្យបានល្អប្រសើរ៕ សេង ណារិទ្ធ





































