អភិបាលខេត្តកំពង់ចាម អះអាងថា រាជរដ្ឋាភិបាលកម្ពុជា យក ចិត្ត ទុកដាក់ខ្ពស់ ក្នុងការគោរព និងគាំទ្រវិស័យ ព្រះពុទ្ធ សាសនា និងការ អភិវឌ្ឍ ធន ធាន មនុស្ស

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាខេត្តកំពង់ចាម បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា យក ចិត្ត ទុកដាក់ខ្ពស់ ក្នុងការគោរព និងគាំទ្រវិស័យ ព្រះពុទ្ធ សាសនា និងការ អភិវឌ្ឍ ធន ធាន មនុស្ស ដែល មាន តួនាទីសំខាន់ មិនត្រឹមតែក្នុងការចូលរួមចំណែក អភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាផ្នែក ដ៏សំខាន់ មួយ ក្នុងការចូលរួមកាត់ បន្ថយ ភាព ក្រីក្រ និងលើក កម្ពស់ជីវភាព រស់ នៅ របស់ ប្រជា ពលរដ្ឋ ដែលជា គោលដៅចម្បង របស់រាជរដ្ឋាភិបាល ផងដែរ។ ការ ថ្លែង បែប នេះ ក្នុង ពិធីបញ្ចុះបឋមសិលា សាងសង់អគារសិក្សា នៃពុទ្ធិកសាកលវិទ្យាល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិត ក្នុង សង្កាត់ បឹងកុក ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ។

ក្នុង ពិធី នោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការសាងសង់អគារ សិក្សា ពិតជា មាន សារៈសំខាន់ ណាស់ សម្រាប់សមណនិស្សិត និស្សិត ទទួលបាននូវទីកន្លែងសម្រាប់សិក្សា ក្នុងការក្រេប ជញ្ជក់ នូវ ចំណេះដឹង ចំណេះធ្វើ និងបទ ពិសោធន៍ល្អៗពីការសិក្សា នឹងក្លាយខ្លួន ជា សមណនិស្សិត និស្សិតល្អ ជាពលរដ្ឋល្អ ជាទំពាំង ស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំ របស់ ប្រទេសជាតិ និង សាសនា ដូច្នេះ សូម ឲ្យ សប្បុរសជន បន្ត ចូលរួមចំណែកគាំទ្រ និង កសាងអភិវឌ្ឍន៍វិស័យ ពុទ្ធិក សិក្សានៅកម្ពុជា ឲ្យបានកាន់តែ ប្រសើរ ឡើង ថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បាន បន្ត ថា ពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បណ្ដុះ បណ្ដាលបាននូវធនធានបញ្ញវន្ដ១៣ជំនាន់ បានទទួលសញ្ញាបត្រកម្រិតបរិញ្ញាបត្ររួចមកហើយ។ ដោយ ឡែកពេលនេះ សមណនិស្សិត និស្សិត ដែលកំពុងបន្តការបណ្តុះបណ្តាលទាំងថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់មានចំនួនសរុប១០១១អង្គ/នាក់។ ពោលគឺ បណ្តុះបណ្តាលព្រះសង្ឃ តាំងពី ធម្មវិន័យថ្នាក់បឋមសិក្សា រហូតដល់ ថ្នាក់ ឧត្តម សិក្សា ជាពិសេសនិស្សិតដែលក្រីក្រមិនមានលទ្ធភាពទៅបន្តការសិក្សានៅសាលាឯកជន ឬទៅភ្នំពេញ។

ជាមួយគ្នា នោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្តែងនូវការកោតសរសើរ ចំពោះសប្បុរសជនដែលមានសទ្ធាជ្រះថ្លា ក្នុងការចូលរួមចំណែកកសាងសមិទ្ធផលជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាក់ស្ដែង កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២កន្លងនេះ ពុទ្ធិកសាកលវិទ្យាល័យ បានធ្វើពិសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគាររដ្ឋបាល និងបណ្ណាល័យ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដោយឡែក អគារសិក្សាសិក្សា១ខ្នង ៤ជាន់ ៩បន្ទប់ និងបន្ទប់សាលប្រជុំចំនួន១ ដែលកំពុង ចាប់ដំណើរការ សាងសង់ នេះជាអំណោយរបស់លោកឧកញ៉ា អ៊ឹង ប៊ុនហូវ និងលោកជំទាវ តាមរយៈ សម្តេច ព្រះពោធិវ័ង្ស កិត្តិ បណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ក្នុង ទំហំ ទឹកប្រាក់ ប្រមាណ ជាង៣១ ម៉ឺន ដុល្លារ ៕