ខេត្តកណ្តាល៖ តាមការសង្កេតឃើញយានដ្ឋានកេច្នៃដំឡើងរថយន្តអត់ពន្ធនៅតាមបណ្តារខេត្តនានា ជាច្រើនត្រូវបានសមត្ថកិច្ចជំនាញធ្វើការបង្ក្រាបហាមឃាតផាកពិន័យជាបន្តបន្ទាប់ដោយឡែកនៅខេត្តកណ្តាលសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅស្ងាត់ស្ងៀមធ្វើដូច ជាមិនដឹងមិនឮអ្វីសោះដូចជាមនុស្សគ ថ្លង់ អីចឹង គឺមិនរញខានដល់គាត់ឡើយ។
តាមប្រភពព័ត៌មានពីមន្ត្រីបំរើការងារតូចតាចនៅសាលាខេត្តកណ្តាលម្នាក់បានបង្ហើបឲ្យដឹងថា នៅ ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានយានដ្ឋានកែច្នៃរថយន្តប្រភេទដឹកដីអត់ ពន្ធដែលមិនដាក់ស្លាកយីហោ តែត្រូវបានគេស្គាល់ថា ម្ចាស់យានដ្ឋានឈ្មោះ សុភ័ណ បានដំណើរការច្រើន ឆ្នាំមកហើយ គឺគាត់មានសហការជាមួយកូនអ្នកធំដែលមានលុយមានអំណាចទិញគ្រឿងរថយន្តដែលនាំចូល អត់ច្បាប់យកមកដំឡើងកែច្នៃប្រភេទរថយន្តទ្រង់ដឹកដីជាច្រើនគ្រឿងមកហើយអាជ្ញាធរមូលដ្ឋានគ្មានអ្នកណា ម្នាក់ហ៊ានក្អកជាមួយឡើយ។
ប្រភពដដែលបន្តថា ការដំឡើងកែច្នៃរថយន្តរបស់ឈ្មោះសុភ័ណ គេបាន សហការជាមួយមន្ត្រីជំនាញអស់ហើយពិសេសមន្ត្រីជំនាញគយ តែម្តងទើបការរកស៊ីរបស់ពួកគេដំណើរការបានមកទល់ពេលនេះជារើយៗឃើញរថយន្តដែលធ្វើការកែច្នៃចេញពីយានដ្ឋានរបស់ឈ្មោះសុភ័ណ ភាគ ច្រើនមិនសូវមានគុណភាពនោះទេ ឧស្សាខូចរលត់ដាច់ការឡេ របូតគ្រឿងកណ្តាលផ្លូវបង្កគ្រោះថ្នាក់ទៅដល់ អ្នកធ្វើដំណើរតាមផ្លូវសាធារណៈជាញឹកញាប់ទៀតផង។ គាត់ក៏បានបញ្ជាក់ទៀតថា ការរកស៊ីកែច្នៃដំឡើង រថយន្តអត់ច្បាប់ទម្លាប់ត្រឹមត្រូវដោយមានការឃុបឃិតគ្ចាជាលក្ខណៈប្រព័ន្ធដូចជាយានដ្ឋានខាងលើនេះគឺ ធ្វើឡើងអត់គុណភាពខុសបច្ចេកទេស ម្យ៉ាងទៀតនោះធ្វើឲ្យខាតបង់ថវិការដ្ឋរាប់លានដុល្លាឯណោះ។ ពាក់ព័ន្ថនិងការដំឡើងកែច្នៃរថយន្តអត់ពន្ធខាងលើកម្ពុជាថ្មីមិនអាចសុំការបំភ្លឺអំពីលោកបូណារ៉េត អភិបាលស្រុកកណ្តាលស្ទឹង បានឡើយតាមរយៈទូរស័ព្ទពីព្រោះលោកបានរុញឲ្យទៅសួរកូនចៅរបស់លោក ទៅវិញ។
បើតាមការអះអាងរបស់មន្ត្រីមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាលបានប្រាប់ថា ចំពោះ យានដ្ឋានជួសជុលរថយន្តទូរទាំងខេត្តកណ្តាលគឺសុទ្ធតែបានចុះបញ្ជីត្រឹមត្រូវអស់ហើយ ចំណែកយានដ្ឋាន នៅទីតាំងខាងលើនេះខាងមន្ទីរបានឆែកមើលហើយមិនមានឃើញឈ្មោះចុះក្នុងបញ្ជីនោះទេ ដូច្នេះបើមាន បញ្ហាអ្វីមួយខាងមន្ទីរខេត្តមិនដឹងឮឡើយ៕ ដោយផន សុខជាតិ