ខេត្តស្ទឹងត្រែង៖ មន្ត្រីយោធាម្នាក់ត្រូវបានសាលាដំបូងខេត្តស្ទឹងត្រែង សម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្ត ក្រោយរកឃើញកំហុស ក្នុងការប្រើប្រាស់អាវុធខុសច្បាប់ បាញ់ប្រពន្ធដែលលួចលាក់មានសាហាយស្មន់ នាំប្រុសឈ្មោលមកសាងស្នេហ៍ព័ណ៌ក្រហម នៅលើខ្ទមស្រែមួយ ស្ថិតក្នុងភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីម៉ោង ៩ និង២២នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ។
អធិការនគរបាលស្រុកសៀមប៉ាង លោកវរៈសេនីយ៍ឯក ជីម អេន បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា បុរសវ័យចំណាស់ម្នាក់ ដែលត្រូវបានតុលាការខេត្ត សម្រេចឃុំខ្លួន កាលពីថ្ងៃទី២៩សីហា ម្សិលមិញនោះ ឈ្មោះ វ៉ៃ ឆោម អាយុ ៧១ឆ្នាំ ជាមន្ត្រីយោធា បម្រើការងារនៅក្នុងអង្គភាពវីរៈសេនាតូចខេល ៣៨២ ចំណុះកងពលធំអន្តរាគមន៍លេខ៣ មានស្រុកកំណើតនៅ ភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែក ស្ត្រីរងគ្រោះដែលត្រូវជាប្រពន្ធ ឈ្មោះ ពាន បូវៀន អាយុ ៤៤ ឆ្នាំ ជាកសិករ មានទីលំនៅបច្ចុប្បន្ន នៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោកវរៈសេនីយ៍ឯក ជីម អេន បានឲ្យដឹងទៀតថា ស្ត្រីរងគ្រោះត្រូវបានប្តីតាមទាន់ កំពុងសាងស្នេហ៍ជាមួយប្រុសថ្មី នៅលើខ្ទមចាំស្រែមួយទាំងយប់ងងឹត ដោយទ្រាំមិនបាន ជនដៃដល់បានទាញយកកាំភ្លើងខ្លី ១ដើម ប្រភេទ K54 បាញ់ប្រពន្ធមានសាហា ១គ្រាប់ បណ្តាលឲ្យធ្លាយពោះខាងឆ្វេង និងជើងម្ខាងរងរបួសយ៉ាងធ្ងន់ធ្ងរ ។ លោកថា ក្រោយហេតុការបាញ់នេះ ស្ត្រីរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង តែដោយសាររបួសធ្ងន់ធ្ងរពេក គ្រូពេទ្យខេត្តស្ទឹងត្រែង បានបញ្ជូនទៅព្យាបាលបន្ត នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
លោកអធិការបានបញ្ជាក់ថា ក្រោយហេតុការណ៍ ដែលបានកើតឡើងនេះ បុរសជាប្ដីមិនបានរត់គេចខ្លួននោះទេ និងបានទៅសារភាព ប្រគល់ខ្លួនរួមជាមួយអាវុធខ្លីម៉ាក K 54 មួយដើម លេខ ១៣៦០ ជូនសមត្ថកិច្ចនគរបាលស្រុកសៀមប៉ាង ដើម្បីបន្តនីតិវិធី។ លោកអធិការ បញ្ជាក់ទៀតថា ជនសង្ស័យដៃដល់ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ សីហា និងនៅថ្ងៃទី២៩សីហា ម្សិលមិញ តុលាការខេត្ត បានសម្រេចឃុំខ្លួនជនសង្ស័យ ក្នុងពន្ធនាគារខេត្តស្ទឹងត្រែង នោះហើយ ៕ ដោយ៖ឡុង សំបូរ