(ប៉ៃលិន)៖ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមអ្នកតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងប្រធានមន្ទីរអង្គភាព សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញវេរទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៣១វត្ត និង១មណ្ឌលវិបស្សនា ។ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ខេត្តប៉ៃលិន ។
មានប្រសាសន៍សំណេះសំណាល ក្នុងពិធីនោះដែរលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ជាក់ស្តែងកាលពីសម័យសង្គ្រាម ព្រះពុទ្ធសាសនាត្រូវបាន ប៉ុល ពត បំផ្លាញគ្មានសល់ ហើយ បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ទាំងអស់ក៏មិន
មានឱកាសបានធ្វើបុណ្យជួបជុំគ្នាដូចសព្វថ្ងៃនេះដែរ។ លោកជំទាវអភិបាលខេត្ត ក៍បានបញ្ជាក់បន្ថែមថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាចរន្តដ៏ប្រសើរថ្លៃថ្លានាំមកនូវការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយ ព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងជាមាគ៌ានាំមកនូវសង្គម និងប្រជាជាតិទាំងមូល ឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ទៀតផងដែរ។
នាឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ទេយ្យទាន ជាច្រើនដែលរដ្ឋបាលខេត្ត យកមកវេរប្រគេនដល់ព្រះសង្ឃនាពេលនេះ គឺដើម្បីគោរពទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ដែលជាពុទ្ធឱវាត និងដើម្បីជួយសំរាលការលំបាក របស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សារ អស់ត្រីមាស នៅតាមទីវត្តអារាម ដែលក្នុងរយៈពេលនោះ ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ ។
ជាមួយគ្នានេះដែរ ដោយមានសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានផ្តួចផ្តើមគំនិតនិងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាអ្នកតំណាងរាស្ត្រ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកា ប្រធានមន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្តបាននាំយកទេយ្យទានមានដូចជា អង្ករ មី ត្រីខ ទឹកបរិសុទ្ធ ទឹកស៊ីអុីវ ប្រេងឆា តែ ស្ករស អំបិល ប៊ីចេង ទឹកដោះគោខាប់ ស្លាដក់ និងបច្ច័យមួយចំនួនធំ វេរប្រគេនព្រះសង្ឃកំពុងគង់ក្នុងវស្សា នៅវត្តទូទាំងខេត្តប៉ៃលិនផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន








































