សាលាដំបូងខេត្តព្រះវិហារ សម្រេចឃុំខ្លួនបុរសម្នាក់ ល្បួងកុមារីវ័យ១២ឆ្នាំ រំលោភសេពសន្ថវៈ បានសម្រេច ៩ដង ទើបបែកការ នៅក្នុងស្រុកជ័យសែន

0

ខេត្តព្រះវិហារ៖ កុមារីវ័យ ១២ឆ្នាំម្នាក់ បានរងការល្បួងពីបុរសល្មោភកាមម្នាក់ យកទៅរំលោភសេពសន្ថវៈបានសម្រេចរហូត ៩ដង ទើបបែកការដល់ឪពុកម្តាយ និងបានទៅប្តឹងសមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់ ការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខត្តព្រះវិហារ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

ប្រធានការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជនខេត្តព្រះវិហារ លោកវរៈសេនីយ៍ឯក តៀម សង្គ្រាម បានឲ្យដឹងថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត នៅថ្ងៃទី១កញ្ញានេះ បានចេញដីកាបង្គាប់ឲ្យនាំខ្លួនជនល្មើស ឈ្មោះ ហង្ស ផល្លា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិវាលបរ ឃុំពុទ្រា ស្រុកជយ័សែន នាំយកទៅដាក់ពន្ធនាគារខេត្ត ក្រោយសវនាការរកឃើញចម្លើយពិត និងក្រោយការប្រព្រឹត្តអំពើសេពសន្ថវៈ របស់ជនសង្ស័យ មកលើកុមារីអាយុ ១២ឆ្នាំ នោះរួចមក។

លោកវរៈសេនីយ៍ឯក តៀម សង្គ្រាម បានឲ្យដឹងទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យ ថាខ្លួនគេពិតជាបានលួងលោមកុមារីវ័យ ១២ឆ្នាំ ដែលជាជនរងគ្រោះនេះ យកទៅរំលោភបានសម្រេចរហូត ៩ដង នៅក្នុងចំការដំឡូង ដោយសន្យាថា នឹងឲ្យលុយទៅកុមារីរងគ្រោះ ដែលការរំលោភនោះ បានធ្វើឡើងកាលពីអំឡុងខែកក្កដា២០២២ កន្លងទៅនេះ និងនៅម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃ៣០សីហា២០២២ ទើបរឿងនេះបែកការដល់គ្រួសារ ឪពុកម្តាយជនរងគ្រោះ និងបានប្តឹងសមត្ថកិច្ច ហើយ កម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន បានចុះស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនសង្ស័យ នៅហ្នឹងផ្ទះតែម្តង។

លោកវរៈសេនីយ៍ឯក តៀម សង្គ្រាម បានបញ្ជាក់ថា ក្រោមការដឹកនាំ និងបញ្ជាពិនិត្យត្យលើករណីនេះយ៉ាងយកចិត្តទុកដាក់ ពីស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា កម្លាំងការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន បានកសាងសំណុំរឿងរំលោភសេពសន្ថវៈនេះ ទៅតុលាការខេត្តព្រះវិហារ និងនៅខណៈនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត បានចេញដីកាបង្គាប់ឲ្យនាំខ្លួនជនល្មើស បញ្ជូនដាក់ពន្ធនាគារខេត្តហើយ ក្រោយទទួលបានចម្លើយសារភាពរបស់ជនល្មើសនោះរួចមក។

គួរបញ្ជាក់ថា ស្របពេលជាមួយគ្នានេះ សមាគមន៍នារីស្រុកជ័យសែន បានអំពាវនាវដល់សមាគមន៍នារីខេត្ត ក្រុង ស្រុក និងសប្បុរសជនានា រួមទាំងអាជ្ញាធរផងដែរ សូមចូលរួមចែករំលែកជាថវិកាតាមលទ្ធភាព ដើម្បីជួយឧបត្ថម្ភដល់កុមារីរងគ្រោះ ដែលរងការចាប់រំលោភបំពានលើផ្លូវភេទនេះ ព្រោះត្បិតគ្រួសារកុមារីរងគ្រោះ មានជីវភាពខ្វះខាតបំផុត នៅក្នុងមូលដ្ឋាន ភូមិវាលបរ ឃុំពុទ្រា ស្រុកជយ័សែន ខេត្តព្រះវិហារ ៕ ដោយ៖ឡុង សំបូរ