ប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកអូរជ្រៅ

បន្ទាយមានជ័យ ៖ រដ្ឋបាលស្រុកអូរជ្រៅនារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ ក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព លោកមេឃុំ ស្មៀនឃុំ ។
តាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានតែងតាំង លោក កែវ តារារស្មី ជាអភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ។
បន្ទាប់ពីលោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្តអានអនុក្រឹត្យ ប្រគល់អនុក្រឹត្យ និងមតិប្តេជ្ញាចិត្តរួចមក។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់អាជ្ញាធរស្រុក បំពេញការងារដោយទំនួលខុសត្រូវ និងទទួលបានសមិទ្ធផលជាច្រើនក្នុងការ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដូច្នេះយើងត្រូវរួមគ្នាសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថារដ្ឋបាល ខេត្ត បានដាក់ឱ្យដំណើរការយន្តការច្រកចេញចូលនៅតាមឃុំសង្កាត់ទាំង៦៧ក្នុងខេត្តបន្ទាយមានជ័យដើម្បី ចូលរួមកាត់បន្ថយអំពើពុករលួយ និងបង្ខិតសេវាឱ្យកាន់តែជិតប្រជាពលរដ្ឋ។ យើងជាមន្ត្រីជាអ្នកបំរើ សេវា ជូនប្រជាពលរដ្ឋឱ្យបានលឿន និងធានាគុណភាព។
ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានក្រើនរលឹកដល់អភិបាលស្រុកទើបទទួលបានការតែងតាំងថ្មីរួមនឹងថ្នាក់ដឹកនាំ មន្ត្រី កងកម្លាំងប្រដាប់អាវុធ មន្ត្រីពាក់ព័ន្ធ នឹងបន្តខិតខំបម្រើសេវាឲ្យកាន់ល្អថែមទៀតជូនប្រជាពលរដ្ឋ ខិតខំដោះស្រាយបញ្ហាប្រឈមនានាឲ្យកាន់តែល្អប្រសើថែមទៀត៕ដោយ៖ ឃិន គន្ធា