ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា អាជ្ញាធរ ខេត្តសៀមរាប នៅបន្តសម្របសម្រួលជួយដល់ប្រជាពលរដ្ឋដែលមានបំណងចាកចេញពីដីចម្ការ របស់លោក ខឹម វាសនា នៅជើងភ្នំគូលែន ទៅកាន់លំនៅឋានវិញ ។ ឯកឧត្តមក៏បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋនាបរិវេណភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣១ ខែសីហា នេះថា អាជ្ញាធរខេត្តសៀមរាបកំពុងបន្តបិទមិនឲ្យប្រជាពលរដ្ឋចូលមក ក្នុងតំបន់ហាមឃាត់ និង អំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅក្នុងចម្ការរបស់លោក ខឹម វាសនា ឲ្យចាកចេញទៅកាន់លំនៅស្ថានវិញ ព្រោះអាជ្ញាធរយល់ថា ពួកគាត់មានផលប៉ះពាល់ខ្លាំងដល់សុខមាលភាពទាំងមនុស្សចាស់ និង កុមារ ប្រឈមមុខនឹងជម្ងឺឆ្លងផ្សេងៗ ជាពិសេសជម្ងឺកូវីដ១៩ និង បាត់បង់ការងារធ្វើ កុមារមិនបានសិក្សារៀនសូត្រ ខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាដើម ។ ឯកឧត្តមបន្តថា មកដល់ថ្ងៃទី៣១ ខែសីហានេះហើយ នៅមិនទាន់មានហេតុការណ៍ណាមួយបានកើតឡើង ដូចការប្រកាសរបស់លោក ខឹម វាសនា នោះឡើយ ។ ឯកឧត្តមបន្តទៀតថា មកដល់ពេលនេះ កងកម្លាំងសមត្ថកិច្ចក៏បានត្រៀមខ្លួនរួចជាស្រេច តែក៏មិនមានការប៉ះទង្គិចណាមួយរវាងកម្លាំងសមត្ថកិច្ច និង កម្លាំងគណបក្សLDPឡើយ ។ ក្នុងនោះអាជ្ញាធរខេត្តកំពុងបន្តសម្របសម្រួល នឹងបានត្រៀមនូវមធ្យោបាយធ្វើដំណើររួចជាស្រេច សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាកចេញពីចម្ការរបស់លោក ខឹម វាសនា នៅជើងភ្នំគូលែន ដើម្បីទៅកាន់បណ្តាខេត្ត និង លំនៅឋានរបស់ខ្លួនវិញ មិនថាសមាជិករបស់គណបក្សLDPក្តីឬក៏អ្នកមកពីក្រៅ មកពីកូរ៉េ និងមកពីជប៉ុនក្តី គឺសុទ្ធតែជាប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ។ ហើយរាជរដ្ឋាភិបាលមិនអាចទទួលយកបានទេនូវអ្វីដែលលោក ខឹម វាសនា កំពុងធ្វើនេះ ហើយថ្ងៃនេះយើងកំពុងតែចរចារធ្វើយ៉ាងណា ឲ្យមេដឹកនាំរបស់គណបក្សLDPនេះ ដើម្បីរំសាយទាំងស្រុងតែម្តងនៅក្នុងជុំរុំ តែវិធានការរដ្ឋបាល យើងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋស្ម័គ្រចិត្តចេញពីជុំរុំមក យើងនិងរៀបចំមធ្យោយបាយធ្វើដំណើរដឹកជញ្ជូនពួកគាត់ជូនទៅបណ្តារាជធានី ខេត្ត ក្រុងគាត់វិញ” ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៣ខែសីហាមក លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយលោកអំពាវនាវ ឲ្យអ្នកដែលគាំទ្រLDPទៅជួបជុំគ្នានៅលើដីចម្ការរបស់លោក ឯជើងភ្នំគូលែន នៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយនេះ ។ បន្ទាប់ពីការសរសេរលើបណ្ដាញសង្គមរបស់មេបក្សរូបនោះមក ក៏មានពលរដ្ឋប្រមាណជា២ម៉ឺននាក់ បាននាំក្រុមគ្រួសារ ធ្វើដំណើរខ្លះតាមរថយន្ត ខ្លះតាមម៉ូតូ ទៅ គោយន្តកន្ត្រៃ ផាស្អាប់ មកកាន់តំបន់ជើងភ្នំគូលែន ។ ចំណែកពលករខ្មែរខ្លះ ដែលកំពុងធ្វើការនៅក្រៅប្រទេសក៏ប្រញាប់ប្រញាល់វិលត្រឡប់មកកម្ពុជា ដោយបោះបង់ការងាររបស់ខ្លួនផងដែរ ។
មកដល់ព្រឹកថ្ងៃទី៣១ ខែសីហា នេះ យើងសង្កេតឃើញប្រជាពលរដ្ឋមានក្មេង ចាស់ ប្រុស ស្រី បានចាកចេញពីចម្ការរបស់លោក ខឹម វាសនា ជាបណ្តើរៗ ដោយមានការជួយសម្របសម្រួលពីអាជ្ញាធរទៀតផង ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប





































