ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា សម្តេចតេជោតែងតែចាត់ទុកការងារបោសសម្អាត មីនជាការងារស្នូលនិងអាទិភាពក្នុងបុព្វហេតុសង្រ្គោះស្តារកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ

កំពង់ឆ្នាំង ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែចាត់ទុកការងារបោសសម្អាតមីន ជាការងារស្នូល និងអាទិភាព ក្នុងបុព្វហេតុសង្រ្គោះ ស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

នេះជាលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលព្រឹកថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២ នៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិស័យសកម្មភាពមីននៅកម្ពុជានិងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន“ផ្តល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម”ដើម្បីខេត្តកំពង់ឆ្នាំងអស់មីន។

កិច្ចប្រជុំខាងលើនេះ មានការចូលរួមពី ឯកឧត្តម អម សុភា អភិបាលរងខេត្ត
និងជាប្រធាឲនគណៈកម្មាធិការសកម្មភាពមីនខេត្តកំពង់ឆ្នាំង តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងអង្គភាពស៊ីម៉ាក់ មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលស្រុកនិងក្រុមការងាររៀបចំផែនការសកម្មភាពមីន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា បេសកកម្មនៃការងារបោសសម្អាតមីននេះ គឺជាការអនុវត្តនូវទស្សនវិស័យ និងគោលបំណងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបញ្ចប់នូវការឈឺចាប់ ការ
ភ័យខ្លាចនិងទុក្ខលំបាករបស់ប្រជាជនកម្ពុជា ដែលបង្កឡើងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្រោយសង្រ្គាម។

ឯកឧត្តមបានបន្តទៀតថា សម្តេចតេជោ តែងតែចាត់ទុកការងារបោសសម្អាតមីន ជាការងារស្នូល និងអាទិភាព ក្នុងបុព្វហេតុសង្រ្គោះស្តារកសាង និងការអភិវឌ្ឍប្រទេសជាតិ ហើយខេត្តកំពង់ឆ្នាំង គឺជាខេត្តអាទិភាពមួយ ក្នុងចំណោមខេត្តដទៃទៀត សម្រាប់ការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដែលនឹងត្រូវប្រកាសជាខេត្តអស់មីន
ក្នុងខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ។

ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ។

យោងតាមការបញ្ជាក់របស់ឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ខេត្តកំពង់ឆ្នាំង អង្គភាព CMAC មានផែនការបោស
សម្អាតបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០២២ អង្គភាព CMAC បានដាក់ពង្រាយ
កម្លាំងប្រតិបត្តិការរបស់ខ្លួនគោលដៅសំខាន់ៗនិងពហុកោណដែលមានក្នុងទិន្នន័យថ្នាក់ជាតិរបស់អាជ្ញាធរមីនក្នុងនោះរួមមាន ចម្ការមីនបោសសម្អាត ចំនួន ១០ចម្ការមីន ស្មើផ្ទៃដី ៦២៥,៥២៤ ម៉ែត្រក្រទ្បា ផងដែរ៕.សុខ គឹមសៀន