រដ្ឋបាលឃុំជ្រៃបាក់បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ៉២ខ្សែមានប្រវែង៩៨១ម៉ែត្រជាថវិកាមូលនិធិរបស់ឃុំនិងថវិកាបដិភាគរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ រដ្ឋបាលឃុំជ្រៃបាក់ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះបានបើកការដ្ឋានសាង
សង់ផ្លូវបេតុងអាមេ៉ ចំនួន២ខ្សែមានប្រវែង៩៨១ម៉ែត្រឆ្លងកាត់ភូមិចំនួន២គឺភូមិត្រពាំងអននិងភូមិឃ្លៃស្ថិតនៅក្នុងឃុំជ្រៃបាក់ការបើកការដ្ឋានខាងលើនេះមានការចូលរួមពីអាជ្ញាធរភូមិ និងបងប្អូនប្រជាពលរដ្ឋក្នុងភូមិជាង២០០នាក់ផងដែរ។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវខាងលើនេះ លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់បានលើកឡើងថា ប្រជាពលរដ្ឋរបស់យើងនៅក្នុងភូមិទាំង ២ក៏ដូចពលរដ្ឋនៅក្នុងឃុំជ្រៃបាក់ទាំងមូលពិត ជាមាន
សំណាងណាស់ ដែលសម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល និងលោក អភិបាល ខេត្ត រួមនិងអាជ្ញាធរស្រុកបានឯកភាពផ្ដល់ថវិកាឲ្យរដ្ឋបាលឃុំជ្រៃបាក់ជាង៤២០លានរៀល បូករួមនឹងថវិកា
បដិភាគរបស់ពលរដ្ឋ ដើម្បីកសាងផ្លូវបេតុងអាមេ៉២ខ្សែមានប្រវែង៩៨១ម៉ែត្រ។

ដូច្នេះ ក្នុងនាមអាជ្ញាធរឃុំ ដើម្បីឲ្យគម្រោងខាងលើនេះអនុវត្តទៅដោយ
រលូនប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងអន និងភូមិឃ្លៃ ដែលមានលំនៅដ្នាន តាមបណ្ដោយផ្លូវដែលត្រូវកសាងនេះ ត្រូវចូលរួមទាំងអស់គ្នាក្នុងការសម្របសម្រួលដីធ្លីនៅតាមតាមមុខផ្ទះ ដើម្បីកសាងផ្លូវបេតុងអាមេ៉នេះតាមគម្រោងឲ្យទទួលបានជោគជ័យ។

លោក ចាន់ ឡេង ជំទប់ទី១ ឃុំជ្រៃបាក់ ជាអ្នកកាន់គម្រោងកសាងផ្លូវខាងលើនេះបានឲ្យដឹងថា ផ្លូវបេតុងអាមេ៉ ដែលត្រូវកសាងក្នុងគម្រោងនេះ មានប្រវែងសរុប៩៨១ ម៉ែត្រ ក្នុងនោះ១ខ្សែកសាងនៅក្នុងភូមិត្រពាំងអន មានប្រវែង៤៣៥ ម៉ែត្រ និង១ខ្សែទៀតនៅក្នុងភូមិឃ្លៃមានប្រវែង ៥៤៦ម៉ែត្រ។

នៅក្នុងគម្រោងកសាង ផ្លូវនេះមានទទឹង៥ម៉ែត្រកម្រាស់ ០,១៥ម៉ែត្រ និង ត្រូវកសាងលូចំនួន៤ ចំណាយថវិកាមូលនិធិឃុំចំនួន៤២០.៥៦២. ៧០ ៥រៀល ក្នុងនោះមានថវិកាបដិភាគរបស់បងប្អូនប្រជាពលរដ្ឋចំនួន១លានរៀលផងដែរ។

ផ្លូវបេតុងអាមេ៉នេះកសាងដោយក្រុមហ៊ុន លោក ច្រឹក ច្រឹង មានរយៈពេលកសាង
១ឆ្នាំ និងបន្តការថែទាំជួសជុល រយៈពេល៦ខែទៀត ទើបបញ្ចប់គម្រោង។

បងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងពិធីបើកការ ដ្ឋានកសាងផ្លូវបេតុង ខាងលើនេះ ពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង និងសូមអរគុណសន្តិភាព ដោយសូមថ្លែងអំណរគុណយ៉ាងជ្រៅ ដល់ សម្តេច តេជោ ប្រមុខរាជរដ្ឋាភិបាលដែលបានដឹកនាំប្រកបដោយភាពដ៏ឈ្លាសវៃ និងឯកឧត្តមអភិបាលខេត្ត
និងអភិបាលស្រុក និងរដ្ឋបាលឃុំជ្រៃបាក់ ដែលបានគិតគូរយកចិត្តទុកដាក់ជួយកសាងផ្លូវខាងលើនេះដែលពីមុនៗមកនៅក្នុងភូមិពួកគាត់មិនធ្លាប់មាន ផ្លូវបេតុងបែបនេះឡើយ ឥឡូវពួកគាត់មានផ្លូវល្អប្រើប្រាស់ដឹកជញ្ជូនកសិផលនានា ដើម្បីលើកស្ទួយជីវភាពរស់នៅក្នុងមូលដ្ឋាន៕សុខ គឹមសៀន