ព្យុះសង្ឃរាឈ្មោះ ODILE កាលពីយប់ថ្ងៃទី១៥ មកទី១៧កញ្ញា បានវាយប្រហារយ៉ាងខ្លាំងលើតំបន់ Los Cabos ភាគខាងជើងមិចស៊ីកូ ។ អាជ្ញាធរពុំបានរាយការណ៍ពីជនរងគ្រោះឡើយ ។ ម្យ៉ាងវិញទៀត កងយោធាត្រូវបញ្ជូនទៅកាន់ទីនោះ ដើម្បីការពារប្រជាជន ខណៈមានពួកឱកាសនិយមឆ្លៀតដើរប្រមូលទ្រព្យសម្បត្តិ ។
ក្នុងតំបន់ទេសចរណ៍នេះ អ្នកទេសចរប្រមាណជា៣០.០០០នាក់ ក្នុងនោះមានជនបរទេស២៦.០០០នាក់ ត្រូវបញ្ជូនមកកាន់សណ្ឋាគារមួយដែលមានទីតាំងការពារព្យុះសង្ឃរា ។ ពួកគេត្រូវជាប់នៅទីនោះនាថ្ងៃទី១៥ កញ្ញា ដោយព្រលានយន្តហោះ Los Cabos និង La Paz ត្រូវផ្អាកសកម្មភាពមកពីលក្ខខណ្ឌឧតុនិយមអាក្រក់ ។ ព្យុះ ODILE ជាព្យុះសង្ឃរាប្រភេទទី៣ ក្នុងចំណោមព្យុះសង្ឃរាទាំង៥ប្រភេទ ពេលវាបោកបក់ដល់ភាគខាងកើតក្រុង Los Cabos ជាមួយកម្លាំងខ្យល់មានល្បឿនដល់ទៅ២០៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ។
នារសៀលថ្ងៃទី១៥ កញ្ញា ព្យុះនោះបានចុះថមថយកម្លាំងមកជាព្យុះប្រភេទទីមួយវិញ ។ ភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងរលកសមុទ្រធំៗមានកម្ពស់ដល់ទៅ៤ម៉ែត្រ កត់សម្គាល់ឃើញក្នុងតំបន់នោះពេលព្យុះបោកបក់ ៕ ដោយផន សុខជាតិ