កម្មករតខ្សែកាប៍បីនាក់ បានរងនឹងការឆក់ចរន្តអគ្គិសនី បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្រុងបានលុង ខេត្តរតនគិរី

0

ខេត្តរតនគិរី៖ កម្មករ ៣នាក់ ត្រូវបានចរន្តអគ្គិសនីឆក់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលកំពុងតខ្សែកាប៍ និងការរៀបចំប្រព័ន្ធភ្លើង លើកដាក់នៅលើបង្គោលអគ្គិសនី ឲ្យមានរបៀបរៀបរយ នៅក្នុងហេតុការណ៍ដែលបានកើតឡើង នាវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ទល់មុខស្ថានីយប្រេងឥតនៈ មួយកន្លែង ស្ថិតនៅក្នុងភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។

សេចក្តីរាយការណ៍បានឲ្យដឹងថា  នៅមុនពេលកើតហេតុ គេបានឃើញយុវជន ៣នាក់ ឡើងតខ្សែកាប៍ និងលើកខ្សែកាប៍ដាក់នៅលើបង្គោលភ្លើង តែត្រូវបានឆក់ចរន្តអគ្គិសនី ខណៈយុវជន ២នាក់ទៀត នៅខាងក្រោម បានកាន់ដែកវែងឈរនៅកណ្តាលផ្លូវជាតិ ហើយបានលើកដែកនោះ ទៅប៉ះនឹងកាប៍មេភ្លើង ទើបបណ្តាលឲ្យឆក់យុវជន ៣នាក់ ដែលកំពុងតខ្សែកាប៍ នៅលើបង្គោលភ្លើង ក្នុងពេលនោះទៅ ។

ក្រោយហេតុការណ៍ដែលបានកើតឡើង យុវជនទាំង ៣នាក់នោះ ត្រូវបានគេដឹកតាមរថយន្ត នាំយកទៅជួយសង្គ្រោះជីវិត នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។ តែទោះជាយ៉ាងនេះក៏ដោយចុះ គេនៅមិនដឹងថាតើ យុវជនទាំង ៣នាក់នោះ រួចផុតពីការគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយទេ រហូតមកទល់នឹងពេលនេះ ព្រោះត្បិតកំពុងស្ថិតក្រោមការជួយសង្គ្រោះជីវិត យ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យនៅឡើយ ។

មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឡាបានសៀក បានបញ្ជាក់ថា យុវជនរងគ្រោះទាំង៣នាក់ គឺ ១-ឈ្មោះ ពុធ អាយុ ១៩ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ រងរបួសធ្ងន់ ,២- ឈ្មោះ សាក់ មេឃ អាយុ ២០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិពោធិ៍តាមុំ ឃុំព្រៃវែង ស្រុកព្រៃវែង ខេត្តព្រៃវែង រងរបួសធ្ងន់ និង ៣- ឈ្មោះ ភាព សុផល អាយុ ១៨ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ រងរបួសស្រាល។

មន្ត្រីដដែលបានបញ្ជាក់ទៀតថា ខណៈនេះជនរងគ្រោះទាំង ៣នាក់ កំពុងស្ថិតក្រោមការព្យាបាល ពីក្រុមគ្រូពេទ្យបង្អែកខេត្តរតនគិរី ហើយរហូតមកដល់ល្ងាចថ្ងៃដដែលនេះ នៅមិនទាន់ដឹងពីលទ្ធផល ក្នុងការជួយសង្គ្រោះជីវិតនោះនៅឡើយទេ ៕ ដោយ៖ឡុង សំបូរ