ស្រ្តីចំណាស់ទុរគ៌តម្នាក់ ទទួលបានលំនៅឋានស្នាក់នៅសមរម្យ និងគ្រឿងឧបភោគបរិភោគ ពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងអាជ្ញាធរមូលដ្ឋាន

0

(ប៉ៃលិន)៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងសាងសង់ផ្ទះ ព្រមទាំងយកគ្រឿងឧបភោគបរិភោគ(ស្បៀងអាហារ) ព្រមទាំងថវិកាមួយចំនួន ទៅប្រគល់ជូនស្ត្រីវ័យចំណាស់ទុរគ៌តម្នាក់ ដែលជាអ្នកចំណូលថ្មី មកស្នាក់នៅក្នុងភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមលោក នឹម អឿន ចៅសង្កាត់ប៉ៃលិន បានឲ្យដឹងថា៖ ដោយសារតែមានសេចក្តីរាយការពីមេភូមិ និងតាមការណែនាំពីលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ទើបអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ចុះសួរសុខទុក្ខនិងជួយសាងសង់ផ្ទះ ព្រមទាំងយកគ្រឿងឧបភោគបរិភោគ(ស្បៀងអាហារ) ទៅឧបត្ថម្ភស្ត្រីទុរគ៌តម្នាក់ ដែលមានជីវភាពជួបការលំបាកខ្លាំងឈ្មោះ អៀន ដុះ អាយុ៦៦ឆ្នាំ ដែលជាអ្នកចំណូលថ្មី បានមកស្នាក់អាស្រ័យក្នុងខេត្តប៉ៃលិន ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត។ លោកចៅសង្កាត់ប៉ៃលិន បានបន្តថា៖ ដោយមើលឃើញពីស្ថានភាពរស់នៅជួបការលំបាក រស់នៅក្នុងខ្ទមធ្លុះធ្លាយ ទើបថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារស.ស.យ.ក សហការគ្នា ចុះសាងសង់ផ្ទះជូនរូបគាត់តែម្តង។
បើតាមការរាប់រៀបពីស្ត្រីវ័យចំណាស់នេះ បានឲ្យដឹងថា៖ រូបគាត់មានប្តីម្នាក់ ប៉ុន្តែប្តីរបស់គាត់ បានស្លាប់ជាយូរមកហើយ ពុំមានកូនចៅនិងគេទេ ដោយគាត់មកស្នាក់នៅខេត្តប៉ៃលិន គឺដើម្បីប្រកបរបរចិញ្ចឹមជីវិត ខ្លាចបានធូរធារនិងគេ ។ គាត់បានបន្តថា៖ ការមកស្នាក់នៅខេត្តប៉ៃលិន ដំបូងគឺគាត់សុំដីគេរស់នៅ ប៉ុន្តែក្រោយមក ម្ចាស់ដីក៍ប្រកាស់លក់ដី ដែលគាត់ស្នាក់នៅ ពេលនោះរូបគាត់ក៍ចាប់ដើរសុំដីគេស្នាក់នៅបន្តទៀត តែដោយសារជីវភាពខ្វះខាត រកព្រឹកខ្វះល្ងាច ព្រមទាំងកន្លែងស្នាក់នៅមិនសមរម្យ ទើបថ្ងៃនេះក៍មានខាងបងប្អូនកូនក្មួយ ចុះមកជួយសង់ផ្ទះ ព្រមទាំងនាំមកនូវអង្ករ៥០គីឡូ មី១កេះ ត្រីខ ១យួរ ទឹកស៊ីអុីវ១យួរ ទឹកសុទ្ធ៥យួរ ទឹកត្រចៀកកម្ម១យួរ ទឹកប្រទាលកន្ទុយក្រពើ ១យួរ អំបិល ១គីឡូ ស្ករស១គីឡូ ប៊ីចេង១កញ្ចប់ ថ្នាំពេទ្យ និងថវិកា១០ម៉ឺនរៀល ។ជាមួយគ្នានេះរូបគាត់ សូមលើកម្រាមដៃ១០ សំពះថ្លែងអំណរគុណ ដល់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារ ដែលបានលះបង់ពេលវេលា ចំណាយកម្លាំងកាយចិត្ត រួមទាំងថវិកា ជាពិសេសគឺការផ្តល់ទីជំរក ម្ហូបអាហារ ជូនរូបគាត់ សម្រាប់ហូបប្រចាំថ្ងៃផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន