ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកអំណោយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន១២គ្រួសារ រស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ ចំពោះវីរៈភាព អង់អាចក្លាហាន របស់បងប្អូនអតីតយុទ្ធជន បានលះបង់សាច់ស្រស់ ឈាមស្រស់ លះបង់សេចក្តីសុខគ្រួសារ ហ៊ានពលីកម្មគ្រប់សព្វបែបយ៉ាង ដើម្បីបម្រើជាតិមាតុភូមិ បើទោះបីធ្លាកខ្លួនពិការក៏ដោយ ដើម្បីចូលរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន អនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្គ្រាម និង បង្រួបបង្រួមជាតិ នាំសេចក្តីសុខសាន្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរ រហូតមកដល់សព្វថ្ងៃនេះ និងទប់ស្កាត់ការវឹលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត។
ក្នុងនោះក៏ បានផ្ដាំផ្ញើដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅដីសម្បទានសង្គមកិច្ចនេះរាល់ថ្ងៃនេះ គឺជា
អំណោយសម្តេចតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្តម ទេសរដ្ឋមន្រ្តី នាយ ឧត្ដមសេនីយ៍ គន់ គីម បានផ្តល់ជូន
ក្នុងមួយគ្រួសារដីហិតាកន្លះនិងផ្ទះមួយខ្នង ដូច្នេះសូមឲ្យបងប្អូនខិតខំបង្កបង្កើនផលដោះស្រាយជីវភាពគ្រួសារ ដើម្បីកសាងជីវភាពថ្មី ឲ្យកាន់តែប្រសើរថែមទៀត នៅក្នុងឳកាសនេះ ក៏បានឧបត្ថម្ភជូនអំណោយ ក្នុងមួយគ្រួសារអង្ករ២៥គីឡូក្រាម មីជាតិ១កេស ត្រីខ១យួរ និងថវិកាមួយផងដែរ ។
បងប្អូនអតីតយុទ្ធជន បានគោរពថ្លែងអំណរគុណ សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងក្រុមការងាររបស់ គណៈកម្មាធិការ សមាគមអតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ ដែលបានជួយដោះស្រាយរាល់ទុក្ខលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជន គ្រប់ទីកន្លែងនៅក្នុងខេត្តកំពង់ធំ និងសូមគោរពជូនពរ ឲ្យប្រកបតែពុទ្ធពរទាំង៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ។ដោយ ប៊ុន រដ្ឋា






































