ខេត្តព្រះវិហារ៖ ក្រុមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃបឹងពែ នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានរួមគ្នាស្ទាក់ចាប់បានរយន្តកូរ៉េមួយគ្រឿង មានចំណុះច្រើនតោន ដែលផ្ទុកឈើអារប្រភេទលេខ ២ ជាច្រើនម៉ែត្រគូប ចរាចរណ៍ចេញពីខេត្តព្រះវិហារ ក្នុងបំណងនាំឆ្ពោះទៅកាន់គោលដៅ នៃខេត្តកំពង់ធំ ។
ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់ ១គ្រឿងនោះ បានប្រព្រឹត្តទៅនៅវេលាម៉ោង ៣ និង៥៥នាទីទៀបភ្លឺ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយដងផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ។
ភ្នាក់ងារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា រថយន្តមួយគ្រឿងដែលរងការបង្ក្រាបពីកម្លាំងឧទ្យានុរក្សដែនជម្រកសត្វព្រៃបឹងពែ នៃមន្ទីរបរិស្ថានខេត្តនៅយប់មិញនោះ គឺជាប្រភេទកូរ៉េ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3B-2450 ចំណុះ ៣តោនកន្លះ។ រថយន្តនេះបានដឹកឈើអារប្រភេទលេខ២ ចេញពីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងគោលដៅបើកឆ្លងព្រំប្រទល់ខេត្ត ចូលទៅខេត្តកំពង់ធំ ដើម្បីយកឈើទាំងនោះទៅធ្វើជំនួញ ដោយខុសច្បាប់។
ភ្នាក់ងារព័ត៌មាន បានរាយការណ៍ទៀតថា ការបង្ក្រាបរថយន្តដឹកឈើ ១គ្រឿងនោះ បន្ទាប់ពីមន្ត្រីឧទ្យានុរក្ស ទទួលបានការរាយការណ៍ពីអ្នកសារព័ត៌មាន ១ក្រុម និងក្រោយទទួលបានបញ្ជាពី ប្រធានមន្ទីរបរិស្ថានខេត្ត លោក សុង ច័ន្ទសុជាតិ នោះរួចមក ។ ប៉ុន្តែ ការបង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់ ១គ្រឿងនេះ មន្ត្រីសមត្ថកិច្ចមិនបានឃាត់ខ្លួន អ្នកបើកបរ ឬ ដង្ខៅជួញឈើនោះឡើយ ក្នុងមូលហេតុពួកគេបានរត់គេចខ្លួន មុនពេលចាប់រថយន្តនោះ ។
ក្រោយការបង្ក្រាប រថយន្ត ១គ្រឿងនោះ ត្រូវបានមន្ត្រីឧទ្យានុរក្ស នាំយកទៅរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃបឹងពែ។ ចំណែក ឈើចំនួនឈើនៅមិនទាន់ដឹងនៅឡើយទេ ព្រោះមន្ត្រីជំនាញមិនទាន់បានវាស់វែងនៅឡើយ ៕ ដោយ៖ឡុង សំបូរ