សមត្ថកិច្ចខេត្តកំពង់ធំ ស្ទាក់ចាប់រថយន្ត Toyota Syna មួយគ្រឿង ដឹកឈើជ្រុង ២០ដុំ ចេញពីខេត្តព្រះវិហារ !

ខេត្តកំពង់ធំ៖ កម្លាំងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានស្ទាក់ចាប់រថយន្ត Toyota Syna មួយគ្រឿង ផ្ទុកឈើជ្រុង ២០ដុំ ដឹកចេញពីខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ ហើយត្រូវបានបង្ក្រាបដោយកម្លាំងសមត្ថកិច្ច កាលពីថ្ងៃទី៥កញ្ញា ម្សិលមិញ ស្ថិតនៅភូមិ រូង ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ភ្នាក់ងារព័ត៌មានបានរាយការណ៍មកថា រថយន្ត ១គ្រឿងដែលរងការស្ទាក់ចាប់ ពីកម្លាំងសមត្ថកិច្ចខេត្តកំពង់ធំនោះ គឺប្រភេទ Toyota Syna ស៊េរី ឆ្នាំ២០០៤ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-4594 ហើយរថយន្តនេះ ត្រូវបានគេកែច្នៃនៅផ្នែកខាងក្នុង ដើម្បីងាយស្រួលក្នុងការរៀបឈើ និងដឹកជញ្ជូនឈើល្មើសច្បាប់ បានដោយរលូន ។
ដោយឡែក ឈើដែលផ្ទុកនៅក្នុងរថយន្ត Syna នោះ ត្រូវគេដឹងថា គឺជាឈើដែលត្រូវគេឡាំងជា ៤ជ្រុង ប្រភេទលេខ១ ឈើសុក្រម មានចំនួន ២០ដុំ ដែលការដឹកជញ្ជូននោះ តែងធ្វើសកម្មភាពស្ទើររៀងរាល់ថ្ងៃ ចេញពីខេត្តព្រះវិហារ ហើយក៏មិនដែលមានសមត្ថកិច្ចណា ហ៊ានចេញមុនមកបង្ក្រាបនោះឡើយ ។ រីឯការបង្ក្រាបនាថ្ងៃនេះ ទំនងជាក្រុមឈ្មួញមិនបានជូនជំនូន ឬ ក៏ជាថ្ងៃស៊យរបស់ក្រុមអ្នកជួញឈើទាំងនោះ ក៏អាចថាបាន ។ ចំណែក តៃកុងរថយន្តដឹកឈើនេះ បានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយការបង្ក្រាប រថយន្តស៊ីណាមួយគ្រឿងនេះ រួមទាំងវត្ថុតាងបទល្មើសឈើ ២០ដុំ ត្រូវបានក្រុមមន្ត្រី នាំយកទៅរក្សាទុកនៅអធិការដ្ឋានព្រៃឈើខាងជើងបឹងទន្លេសាប ក្នុងខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីវិធី ៕ដោយ៖ឡុង សំបូរ