ចាប់ខ្លួនមុខសញ្ញាម្នាក់ និងថ្នាំញៀនប្រភេទម៉ាទឹកកក មួយចំនួនធំ

0

ខេត្តបាត់ដំបង ÷ មុខសញ្ញាសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ តាមប្រមាញ់រហូតឈានដល់ការឃាត់ខ្លួនដើម្បីបញ្ជូនតាមនីតិវិធី ខណ:ដែលជនសង្ស័យរូបនេះត្រៀមធ្វើសកម្មភាពចែកចាយនៅក្នុងមូលដ្ឋាន។

កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្រុមទី១១ ភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ដោយកម្លាំងសមត្ថកិច្ចបានធ្វើការចុះបង្ក្រាប ក្នុងបទល្មើសជាក់ស្តែង ។
មុខសញ្ញាដ៏សកម្មក្នុងការចែកចាយគ្រឿងញៀនដែលសមត្ថកិច្ចឃាត់ខ្លួនបានគឺឈ្មោះ ឌួង ប៊ុនថន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបង០១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលនៅក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ÷ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ២៧កញ្ចប់ ទម្ងន់២៨,៦២ក្រាម ទូរស័ព្ទដៃចំនួន​ ០២គ្រឿង និងថង់សម្រាប់ច្រករំលែកថ្នាំលក់មួយចំនួនទៀត។
ជនសង្ស័យក្រោយពីឃាត់ខ្លួនរួមជាមួយវត្ថុតាងរួចមករហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ អត្ថបទ : ព្រាប.ស