រថភ្លើងបុករថយន្តក្រុង នៅខេត្តនគរប៉ាធុំ ស្លាប់និងរបួសជាច្រើននាក់

0

អន្តរជាតិ  ​យ៉ាងហោចណាស់ក៏មានអ្នកស្លាប់ភ្លាមៗចំនួន៣នាក់ដែររួមទាំងតៃកុងរថយន្ត និងអ្នករងរបួសធ្ងន់ចំនួន២៨នាក់ នៅក្នុងចំណោមអ្នកជិះនៅក្នុងរថយន្តក្រុង ខណ:ដែលអ្នកបើកបរកំពុងបើកឆ្លងកាត់ផ្លូវប្រសព្វជាមួយនិងផ្លូវរថភ្លើង ស្របពេលដែលរថភ្លើងមកដល់ល្មម។

ហេតុការដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង៣០ នាទី ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចភូមិ៤ ឃុំងីវរ៉ាយ ស្រុកនគរឆៃសារី ខេត្តនគរប៉ាធុំ ប្រទេសថៃ។
តាមការផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺមានរថយន្តក្រុងចំនួន២គ្រឿង ជាប្រភេទរថយន្ត២ជាន់ បានដឹកភ្ញៀវទេសចរណ៍ ទៅកំសាន្តនៅកោះសាមិត ស្ថិតក្នុងខេត្តរ៉ាក់យ៉ង។ លុះទៅដល់ត្រង់ផ្លូវប្រសព្វគ្នា អ្នកបើកបរទំនងមិនបានចាប់អារម្មណ៍ថា មានរថភ្លើងមកនោះទេដោយសារតែមិនឃើញរនាំងការពារធ្លាក់ចុះនោះឡើយ។
ព័ត៌មានបានបន្តថា លុះពេលកំពុងឆ្លងស្រាប់តែរថភ្លើងបានមកដល់ល្មមហើយក៏បានបុកចំក្បាលរថយន្ត ធ្វើអោយកន្ទុយរថយន្តវិលទៅបោកនិងរថភ្លើងមួយសារទៀត ដែលបង្កអោយមានមនុស្សស្លាប់ភ្លាមៗចំនួន៣នាក់ រួមទាំងអ្នកបើកបរ រីឯភ្ញៀវទេសចរណ៍នៅក្នុងរថយន្តរងរបួសធ្ងន់ចំនួន ២៨ នាក់ ដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
អាជ្ញាធរក្នុងតំបន់នោះបានបញ្ជាក់ថា តាមពិតរនាំងដែកការពារមិនធ្លាក់នៅពេលរថភ្លើងជិតមកដល់ ដោយសារតែវាខូចយូរណាស់មកហើយ ដែលនេះជាការធ្វេសប្រហែលរបស់អង្គភាព ដែលធ្វើអោយទីតាំងនេះតែងតែមានរថភ្លើងបុករថយន្តជាញឹកញាប់ ៕ អត្ថបទ : ព្រាប.ស (មានវីដេអូ)