សៀមរាប: លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធាន AMCA បានអញ្ជើញជាអធិបតីក្នុងពិធីពិសារអាហារពេលល្ងាច ក្នុងឱកាសសន្និសីទអន្តរជាតិ ស្តីពីការការពារ និងការទប់ស្កាត់ការជួញដូរចរាចរសម្បតិ្តវប្បធម៌ខុសច្បាប់ «ទស្សនៈពីអាស៊ាន នៅបរិវេណប្រាសាទក្រវ៉ាន់ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទបុរាណដ៏អស្ចារ្យ ជាច្រើនដូចជា អង្គរវត្ត បាយ័ន និងប្រាសាទតាព្រហ្មជាដើម»នាល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ
។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម Ekkhaphab Phanthavong អគ្គលេខាធិការរងអាស៊ាន គណៈប្រតិភូអញ្ជើញមកពីគ្រប់ប្រទេសនិងរដ្ឋ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត។
ក្នុងឱកាសនោះ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានAMCA មានប្រសាសន៍ថា ជាកិត្តិយសដ៏អស្ចារ្យសម្រាប់ការរៀបចំអាហារពេលល្ងាចនាពេលនេះ ដើម្បីភាពជាមិត្តភាព សាមគ្គីភាព និងសមិទ្ធិផលនានារបស់យើង ព្រមទាំងរីករាយការប្រគំតន្ត្រី ការសម្តែងសិល្បៈទស្សនីយភាពផ្សេងៗ អមនឹងអាហារចម្រុះរសជាតិបែបខ្មែរ ដើម្បីទទួលស្វាគមន៍គណៈប្រតិភូ។
លោកជំទាវ បណ្ឌិតសភាចារ្យ មានប្រសាសន៍ទៀតថា តំបន់ឧទ្យានអង្គរនៃខេត្តសៀមរាប ជាតំបន់បេតិកភណ្ឌពិភពលោក ដែលមានប្រាង្គប្រាសាទបុរាណជាច្រើន ហើយប្រាសាទទាំងនេះ ធ្វើឱ្យភ្ញៀវទេសចរមកពីជុំវិញពិភពលោកមានការកោតស្ញប់ស្ងែងយ៉ាងខ្លាំង មិនត្រឹមតែពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ថែមទាំងកាលពីអតីតកាលទៀតផង។ លោកជំទាវមានប្រសាសន៍ទៀតថា ជាថ្មីម្តងទៀត សូមថ្លែងអំណរគុណចំពោះវត្តមាន ហើយការបន្តការចូលរួម និងកិច្ចសហប្រតិបត្តិការក្នុងការអភិរក្ស និងកិច្ចការពារបេតិកភណ្ឌវប្បធម៌៕