កំពង់ចាមៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា
ក៏ដូចជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គឺដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ការថ្លែងបែបនេះក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់អគារសិក្សា ១ខ្នង ៣ជាន់ ៣០បន្ទប់ នៅអនុវិទ្យាល័យ និងបឋមសិក្សា ហ៊ុន សែន មុនីរង្សី ស្ថិតក្នុងឃុំតុងរ៉ុង ស្រុកពឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ឃឹម សិរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។
ក្នុងពិធីនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយមានការគិតគូរចំពោះតម្រូវការចាំបាច់នានា និងដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់នូវអាគារសិក្សាថ្មីបន្ថែមចំនួន ២ខ្នង ក្នុងទំហំទឹកប្រាក់ប្រមាណជា ១លាន ៥០ម៊ឺនដុល្លារអាមេរិក
សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ ដែល១ខ្នង មានកម្ពស់៣ជាន់ និង៣០បន្ទប់ ស្ថិតក្នុងឃុំតុងរ៉ុង ១ខ្នង ដែលកំពុងប្រារព្ធពិធីបញ្ចុះបឋមសិលានេះ និង១ខ្នងទៀត នៅឃុំខ្វិតធំ ដោយប្រើប្រាស់ពេលវេលាសាងសង់ រយៈពេល ៩ខែ ឲ្យរួចរាល់ជាស្ថាពរ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញដល់លោកគ្រូ អ្នកគ្រូ ឲ្យពង្រឹងគុណភាពសិក្សា ក៏ដូចជាការខិតខំបង្រៀនសិស្ស ដោយមានការយកចិត្តទុកដាក់ខ្ពស់ ដេីម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ ធនធានមនុស្ស ឈានទៅដល់ការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ឲ្យកាន់តែរីកចម្រើនថែមទៀត ចំពោះក្មួយៗសិស្សានុសិស្ស ក៏ត្រូវខិតខំប្រឹងប្រែង សិក្សារៀនសូត្រផងដែរ ព្រោះធនធានមនុស្ស ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន ខណៈប្រទេសយើងមានសុខសន្តិភាព ៕







































