ទឹកអូរព្រំដែនថៃ កំពុងជន់លិចស្ពាន និងដំណាំជាច្រើនក្នុងស្រុកកំរៀង

0

ខេត្តបាត់ដំបង ÷ ស្ពានមួយខ្សែត្រូវបានអាជ្ញាធរបញ្ជាអោយផ្អាកការធ្វើចរាចរជាបណ្តោះអាសន្ន បន្ទាប់ពីមានទឹកជំនន់មកពីប្រទេសថៃ ជន់ហូរកាត់ពីលើស្ពានរួចមក។

គួរបញ្ជាក់ថា ស្ពាននេះគឺសម្រាប់ឆ្លងអូរក្នុងភូមិលំផាត់ ក្នុងឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង ហើយក៏ជាស្ពានមួយសម្រាប់អោយបងប្អូនប្រជាកសិករ ដឹកនាំផលដំណាមចេញពីភូមិសំរោង ភូមិតាំងយូរ និងភូមិលំផាត់ ឡើងទៅលើផ្លូវជាតិផងដែរ ដើម្បីនាំទៅកាន់ទីផ្សារ។
ដោយកាលពីប៉ុន្មានឆ្នាំកន្លងទៅ ក្បាលស្ពាននេះត្រូវបានទឹកជំនន់វាយបំផ្លាញច្រោះបាក់ម្ខាង ដែលតម្រូវអោយអាជ្ញាធរចាក់ដីបំពេញនិងជួសជុលឡើងវិញដើម្បីអោយប្រជាពលរដ្ឋនៅក្នុងតំបន់នេះបានធ្វើដំណើរឡើងវិញ។
លុះចាប់ពីថ្ងៃទី៨ ខែកញ្ញា ម្សិលមិញនេះ ទឹកជំនន់ពីប្រទេសថៃ បានហូរចូលក្នុងអូរព្រំដែនកម្ពុជា-ថៃ និងបង្កអោយទឹកហូរធ្លាក់ចូលទៅក្នុងអូរដារ ទើបហូរបែកវាលទៅលើផលដំណាំរបស់ប្រជាកសិករមួយចំនួននៅក្នុងតំបន់នេះ ថែលទាំងលិចលើស្ពានលំផាត់តែម្តង។
បើតាមប្រភពបានបញ្ជាក់ថា រហូតមកទល់និងព្រឹកថ្ងៃទី៩ នេះ សន្ទុះទឹកទើបតែស្រកចុះបន្តិចតែប៉ុណ្ណោះដែលមិនទាន់មានសញ្ញាណាមួយអាចកំណត់បានថា ទឹកនឹងអាចស្រកវិញឬក៏ឡើងបន្តទៀតនោះឡើយ ដោយគ្រាន់តែអាជ្ញាធរក្រើនរំលឹកដល់ពលរដ្ឋអោយមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះ ៕ អត្ថបទ : ព្រាប.ស