អភិបាលខេត្តកំពង់ចាម​ ផ្តាំផ្ញេីថ្នាក់ដឹកនាំមន្ទីរ ត្រូវយកចិត្តទុកដាក់ជាមួយមន្ត្រីក្រោមឱវាទ ដើម្បីរួមគ្នាអនុវត្តតួនាទីភារកិច្ច​ ឲ្យទទួលបានលទ្ធផលល្អប្រសើរ

0

កំពង់ចាមៈ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ផ្តាំផ្ញេី​ដល់ថ្នាក់ដឹកនាំមន្ទីរ ​ត្រូវយកចិត្តទុកដាក់ជាមួយមន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលជាកត្តាសំខាន់ ដើម្បីរួមគ្នាអនុវត្តនូវតួនាទីភារកិច្ច​ ឲ្យទទួលបានលទ្ធផលល្អប្រសើរ និងមានការគោរពគ្នាប្រកបដោយមនសិការ និងឆន្ទៈការងារខ្ពស់ ដោយមានការបែងចែក និងប្រគល់ភារកិច្ចដល់មន្ត្រីរបស់ខ្លួន ទាំងមានផែនការច្បាស់លាស់​ មានរបបប្រជុំឲ្យបានទៀងទាត់ មានរបបរាយការណ៍ និងសុំយោបល់ថ្នាក់ដឹកនាំនៅពេលជួបបញ្ហាមិនអាចដោះស្រាយបាន។ ការថ្លែង​បែបនេះក្នុងពិធីប្រកាសលោក រ៉េត សារ៉ាត​ ពី​អនុប្រធាន​មន្ទីរ​ចូលកាន់មុខតំណែងជា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត​កំពង់ចាម​​ ជំនួស​​លោក​ ស្រី សុភ័ក្រ អតីតប្រធាន​​មន្ទីរ​ធម្មកា​ ត្រូវទទួល​តំណែងជា​អភិបាលរង​ខេត្តកំពង់ចាម​ នារសៀល​ថ្ងៃទី​៨​ ខែកញ្ញា​​​ ឆ្នាំ​២០២២​ ។

ស្ថិតក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ផ្តាំផ្ញេី​ដល់​ថ្នាក់ដឹកនាំមន្ទីរ អង្គភាពទាំងអស់ ពិសេសលោកប្រធានមន្ទីរដែលទើបទទួលបានការតែងតាំងថ្មី ត្រូវខិតខំលើកកម្ពស់គុណភាពការងារប្រកបដោយវិជ្ជាជីវៈ ដោយបញ្ចេញឲ្យអស់ពីសមត្ថភាព ទេពកោសល្យ និងគំនិតឆ្នៃប្រឌិត ក្នុងស្មារតីទទួលខុសត្រូវចំពោះថ្នាក់ដឹកនាំក្រសួង ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្ត លើវិស័យជំនាញរបស់ខ្លួន​ លេីសពី​នោះ​ត្រូវ​មានការទទួលខុសត្រូវខ្ពស់នូវការងារស្នូលរបស់អង្គភាព ដែលជាកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់​ ។
ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​ជម្រុញ​ឲ្យបន្តការដឹកនាំគ្រប់គ្រងលើវិស័យសាសនាក្នុងខេត្តឲ្យមានការអភិវឌ្ឍន៍ រីកចម្រើន​បន្ថែម​ទៀត ស្របទៅនឹងអ្វីដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋា​ភិបាលកម្ពុជា តែងតែបានលើកឡើងជា​រើយៗថា កង់វិលនៃសាសនាចក្រ និងអាណាចក្រ ត្រូវប្រព្រឹត្តទៅ​ឲ្យស្មើគ្នាជាប្រក្រតី ដើម្បីធានា​នូវ​និរន្តរភាព​នៃ​ដំណើរឆ្ពោះទៅមុខនៃយន្តការ​អភិវឌ្ឍន៍របស់​កម្ពុជា​យើង​ផងដែរ​ ។

ក្នុង​ពិធី​នោះដែរ​​ ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក៏បាន​ណែនាំ​ដល់​លោកប្រធានមន្ទីរដែលទើបទទួលការតែងតាំងថ្មី​ ត្រូវបន្តនិរន្តភាពការងារ និងត្រូវរក្សាសាមគ្គីភាព មិត្តភាព តម្លាភាព គណនេយ្យភាពផ្ទៃក្នុងឲ្យបានល្អ​ ព្រមទាំង​មានកិច្ចសហការល្អជាមួយ មន្ទីរ អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ដោយមានរបៀបរបបធ្វើការងារឲ្យបានត្រឹមត្រូវតាមប្រកាស និងសេចក្ដីណែនាំ​ផងដែរ​ ៕