ទឹកជំនន់កំពុងយាយីទៅលើច្រកអន្តរជាតិដូង

0

ខេត្តបាត់ដំបង ÷ រយ:ពេល២ថ្ងៃចុងក្រោយនេះ បើទោះបីជាទឹកជំនន់ពីប្រទេសថៃ ជន់ជោរហូរហៀអូរព្រំដែនរហូតបង្កអោយហូរកាត់ច្រកអន្តរជាតិដូង យ៉ាងណាក៏ដោយ ក៏ច្រកនេះនៅតែបើកដំណើរការចេញ ចូលជាធម្មតា ដោយសារទឹកមិនទាន់ធ្ងន់ធ្ងរ ឬរំខានដល់កិច្ចការងារច្រកនៅឡើយ។

ចាប់តាំងពីថ្ងៃទី៨ ខែកញ្ញា មក ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសថៃ តាមអូរព្រំដែន បានជន់យ៉ាងគំហុក បង្កអោយលិចផលដំណាំរបស់ប្រជាកសិករមួយចំនួន តាមតំបន់ដែលជាប់ព្រំដែន ពិសេសគឺបានហូរកាត់ច្រកទ្វារអន្តរជាតិដូង ដែលស្ថិតក្នុងភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលធ្វើអោយមធ្យោបាយដឹកជញ្ជូននានាមានការលំបាកក្នុងការឆ្លងកាត់ចេញ ចូល ទៅក្នុងប្រទេសថៃ។
បើតាមប្រភពមួយចំនួនបានបញ្ជាក់ថា រហូតមកទល់និងព្រឹកថ្ងៃទី១០ កញ្ញានេះ សន្ទុះទឹកក្នុងអូរព្រំដែនមានការថមថយចុះបន្តិចហើយ បើទោះបីជាមានការយាយីពីទឹកជំនន់ក៏ដោយ ក៏ច្រកអន្តរជាតិមួយនេះមិនទាន់មានការរំខានរហូតដល់បិទច្រកបណ្តោះអាសន្នោះឡើយ គឺនៅតែដំណើរការជាធម្មតា ដោយគ្រាន់តែពិបានក្នុងការដឹកនាំទំនិញឆ្លងកាត់តែប៉ុណ្ណោះ ៕ អត្ថបទ : ព្រាប.ស