កំពង់ធំ. អតីតយុទ្ធជនពិការនៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានទទួលខ្នងផ្ទះទី២០៩ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។
នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ខ្នងផ្ទះទី២០៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនពិការនៅភូមិវាលល្ពាក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ លោកពលបាលឯក ឡុង សីហា អាយុ៥៣ឆ្នាំ បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៧ នៅអង្គភាពកងពលលេខតូច១ ស្ថិតនៅ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ហើយបានត្រូវរបួសពិការដៃខាងឆ្វេង និងភ្នែកខាងឆ្វេង ពេលប្រយុទ្ធជាមួយខ្មាំងនៅសមរភូមិនៅតំបន់ត្រពាំងត្រោក ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្នុងអំឡុងឆ្នាំ១៩៩៥ ។
លោក ឡុង សីហា ជាបុរសពោះម៉ាយមាន។កូនក្នុងបន្ទុកចំនួន៤នាក់ ដោយពុំមានជម្រកស្នាក់នៅសមរម្យ នៅលេីដី ដែលគាត់មាន ព្រោះមានជីវភាពលំបាកខ្វះខាត ។ ដោយឃើញពីការលំបាកនេះ ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនម្ពុជា ខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២០៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍ គន់ គីម ជូនគាត់ ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នាចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដេីម្បីភាពសុខដុមរមនារបស់យើងទាំងអស់គ្នា និងត្រូវខិតខំប្រកបមុខរបររកទទួលទានដោយសុច្ចរិតទៀងត្រង់ ជាមួយនេះដែរត្រូវខិតខំថែរក្សាសុខភាពនិងបន្តអនុវត្តវិធានការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៤និងដូសទី៥ ឲ្យបានគ្រប់ៗគ្នា ។
ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន ៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវចំនួន២យួរ និងថវិកាមួយចំនួនផងដែរ ។
លោកពលបាលឯក ឡុង សីហា ជាអតីតយុទ្ធជនពិការដោយសារសង្គ្រាម បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតនិងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន លុះអវសាន្តជីវិត ។




































