(ប៉ៃលិន)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅចំណុច ភូមិអូរពឺត ភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន បានស្នើសុំឲ្យអាជ្ញាធរក្រុងប៉ៃលិន តាមរយៈអ្នកសារព័ត៌មាន មេត្តាជួយជួសជុលផ្លូវលំមួយខ្សែក្នុងមូលដ្ឋាន រស់នៅរបស់ពួកគាត់ ដោយក្នុងរដូវវស្សា ឬពេលមានភ្លៀងធ្លាក់ម្តងៗ សូម្បីតែជិះកង់ ម៉ូតូ ក៏ពិបាកធ្វើដំណើរផងដែរ។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានរងគ្រោះខាងលើ បានឲ្យនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ ផ្លូវលំមួយខ្សែរនេះ បានរងការខូចជាច្រើនឆ្នាំមកហើយ មិនដែលឃើញមានអាជ្ញាធរឬមន្ទីរជំនាញណាមួយ ចុះពិនិត្យនិងធ្វើការជួសជុលនោះទេ ពេលមានភ្លៀងមកម្តងៗ គឺពិបាកធ្វើដំណើរណាស់ មានតែរកផ្លូវវាង ដើម្បីធ្វើដំណើរតែប៉ុណ្ណោះ។ ប្រភពព័ត៌មាន បានបន្តថា៖ ផ្លូវលំមួយខ្សែនេះ បានតភ្ជាប់ផ្លូវកៅស៊ូភូមិចំការការហ្វេ សង្កាត់ទូលល្វា រហូតដល់ភូមិប៉ាហ៊ីជើង៩ចំណុចផ្សារសាមគ្គី) ជាផ្លូវដែលមានសារៈសំខាន់ផងដែរ ដែលអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួលក្នុងការដឹកទំនិញ ទៅទិញម្ហូបអាហារ ពិសេសកូនៗធ្វើដំណើរទៅរៀនសូត្រ ហើយផ្លូវ ដែលរងការខូចខាតខាងលើនេះ មានប្រវែងប្រមាណជិត២គីឡូម៉ែត្រប៉ុណ្ណោះ ដែលមានក្រឡុកជ្រៅៗ ប្រៀបបានដូចជាថ្លុកត្រពាំងទៅហើយ ពិតជាលំបាកធ្វើដំណើរណាស់ ។
ជាមួយគ្នានេះ ពួកគាត់សំណូមពរ ដល់អាជ្ញាធរក្រុងប៉ៃលិន និងរដ្ឋបាលខេត្តប៉ៃលិន មេត្តាជួយជួសជុលកំណាត់ផ្លូវលំ ដែលរងការខូចខាតខាងលើនេះ ដោយអនុគ្រោះផងចុះ ព្រោះពួកគាត់ពិបាក ក្នុងការធ្វើដំណើរលើផ្លូវនេះរាប់ឆ្នាំមកហើយ ។
ចំពោះបញ្ហានេះដែរលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឲ្យអ្នកសារព័ត៌មានដឹងតាមទូរស័ប្ទនៅរសៀលថ្ងៃទី១០ ខែកញ្ញានេះថា៖ លោកបានជ្រាបរួចមកហើយ និងកំពុងរៀបចំរកគ្រឿងចក្រ ដើម្បីធ្វើការសម្រួលផ្លូវលំមួយខ្សែរនេះ ឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរស្រួលបួលឡើងវិញ ប្រហែលជាល្ងាចនេះ ឬថ្ងៃស្អែកនិងដំណើរជួសជុលឡើងវិញ ។លោកបញ្ជាក់ថា ផ្លូវមួយខ្សែរនេះគឺធ្វើឲ្យបានរួចរាល់មុនថ្ងៃបុណ្យភ្ជុំបិណ្ទផងដែរ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន