សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សហការជាមួយមន្ត្រីសុវត្ថិភាពចរាចរណ៍ ចុះយុទ្ធនាការផ្សព្វផ្សាយ ស្តីអំពីការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និង បរិយាប័ន មុនថ្ងៃដាក់បិណ្ឌដំបូង

0

(ប៉ៃលិន)៖ ដោយមានការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាក្រុងប៉ៃលិន និងមានការចូលរួមសហការពី មន្ត្រីនគរបាលចរាចរណ៍ មន្រ្តីនៃមន្ទីរសាធារណៈការ ចុះធ្វើការអប់រំផ្សព្វផ្សាយយុទ្ធនាការស្តីពី ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២២ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ និងបងប្អូន ដែលចូលមកដុតធូបបួងសួងសុំសេចក្តីសុខ ចំរើន នៅមុខអាស្រមលោកយាយយ៉ាត ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បើតាមលោកស្រី ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បានបញ្ជាក់ថា៖ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន រួមជាមួយមន្ត្រីសុវត្ថិភាពចរាចរណ៍ ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា យុវជនស.ស.យ.ក បានបើកយុទ្ធនាការនេះឡើង ដើម្បីជាការក្រើនរម្លឹក និងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមលើកកម្ពស់និងពង្រឹងការអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។

លោកស្រី បានបន្តថា៖ បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានសភាពធូរស្រាល ហើយនៅក្នុងពិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌចូលមកដល់ ដែលជាការបើកឱកាសដល់ការធ្វើដំណើរតាមដងផ្លូវកាន់តែមានភាពមមារញឹកខ្លាំង ហើយគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភ មូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះគឺមកពីមនុស្សម្នាក់ៗ ដែលមិនគោរពច្បាប់ចរាចរណ៍ ក្នុងនោះមានដូចជា ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនគោរពស្លាកសញ្ញាចរាចរណ៍ មិនពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរក្នុងពេលស្រវឹងជាដើម ។

លោកស្រី ក៍បានថ្លែងបន្តថា៖ ទន្ទឹមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ក៏ជារឿងដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយទាំងអស់គ្នាផងដែរ ប៉ុន្តែបញ្ហានេះ យើងអាចចូលរួមទប់ស្កាត់កាត់បន្ថយ និងត្រៀមបង្ការបាន តាមរយៈការចូលរួមអនុវត្តច្បាប់របស់ពលរដ្ឋម្នាក់ៗ ដូចនេះភារកិច្ចរបស់យើង គឺចុះអប់រំផ្សព្វផ្សាយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ។ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បានបញ្ជាក់ដែរថា៖ ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ដើម្បីភាពសុខដុមរម្យនា ក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង ថែមទៀតផង ៕


អត្ថបទ ភ្នំខៀវ ប៉ៃលិន