(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុកប្រឹក្សាខេត្តលោកឧត្តមសេនីយ៍ទោ ហង្ស ថុល ជាសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងលោកជំទាវ មៀច សុភី ព្រមទាំងលោកស្រី ជិន អូន ម្ចាស់ការ៉ាស់សាំងថ្នល់បែក បានផ្ដល់នូវនំបញ្ចុកអាហារសាមគ្គីគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់កុមារកំព្រាចំនួន៥៣នាក់ អ្នកថែកុមារកំព្រាចំនួន០៤នាក់ ស្ថិតនៅបុរីកុមារខេត្តកំពង់ធំ ក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។
ថ្លែងនៅក្នងកម្មវិធីនេះលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដោយសង្កេតឃើញពីទុក្ខលំបាករបស់កុមារកំព្រាដែលរស់នៅមានការខ្វះខាតនៅអាហារហូបចុក សំលៀកបំពាក់ និងសម្ភារៈសិក្សាមួយចំនួន។ ស្របពេលជាមួយគ្នានេះដែរលោកជំទាវ បានរៀបចំជានំបញ្ចុកសាមគ្គីផ្ដល់ជូនដល់កុមារកំព្រា ដើម្បីឲ្យពួកគាត់ទទួលអាហារបានគ្រប់គ្រាន់មានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងការសិក្សាទទួលបានជោគជ័យ។
ជាមួយគ្នានេះផងដែរលោកឧត្តមសេនីយ៍ទោ ហង្ស ថុល មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីលោក ភិន រ៉ាមីន ប្រធានបុរីកុមារខេត្តកំពង់ធំ បានដឹកនាំ និងគ្រប់គ្រងគ្រប់រាល់សកម្មភារដល់កុមារកំព្រាទាំងអស់នេះ។
អាស្រ័យហេតុនេះហើយ យើងខ្ញុំក៏បានជួយគាំទ្រ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំដែលមានបទពិសោធន៍ បច្ចេកទេស និងបានបញ្ជូនកុមារទាំងអស់នេះទៅសិក្សាបានគ្រប់ៗគ្នា ដើម្បីទទួលបាននូវចំណេះដឹង និងជំនាញមួយចំនួនសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួន។ លោកឧត្តមសេនីយ៍ទោ ហង្ស ថុល ក៏បានសំណូមពរ និងអំពាវនាវបន្ថែមដល់សប្បុរសជន អង្គការដៃគូនានា នៅក្នុងនិងក្រៅប្រទេសជួយគាំទ្រ ផ្តល់ជាសម្ភារៈ ថវិកា ដើម្បីលើកកម្ពស់ដល់កុមារកំព្រាដែលរស់នៅក្នុងបុរីកុមារកំព្រានេះ មានលក្ខណៈល្អប្រសើរឡើង។
លោក ភិន រ៉ាមីន ប្រធានបុរីកុមារខេត្តកំពង់ធំ កុមារកំព្រា និងអ្នកថែទាំកុមារកំព្រា បានថ្លែងអំណរគុណដល់លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុកប្រឹក្សាខេត្ត
លោកឧត្តមសេនីយ៍ទោ ហង្ស ថុល ជាសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងលោកជំទាវ មៀច សុភី ព្រមទាំងលោកស្រី ជិន អូន ម្ចាស់ការ៉ាស់សាំងថ្នល់ បែកបានជួយឧបត្ថម្ភសម្ភារៈ និងថវិកាដល់បុរីកុមារខេត្តកំពង់ធំក្នុងការដោះស្រាយទុក្ខលំបាកមួយចំនួនផងដែរ។ យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។






































