អភិបាលខេត្តកំពង់ចាម​ អះអាងថា​ នឹង​រៀបចំដង្ហែអង្គកឋិនទាន​ចូលវត្តជោតនារាមបឹងកុក​​​ ដេីម្បីគៀងគរ​បច្ច័យ​កសាងកុដិឲ្យសាមណសិស្ស​ និស្សិតស្នាក់អាស្រ័យ​

0

កំពង់ចាមៈ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អះអាងថា​ រដ្ឋបាល​ខេត្ត​នឹង​រៀបចំដង្ហែ​អង្គកឋិន​ទានមួយ ចូលវត្តជោតនារាមបឹងកុក​ ក្នុងពេលឆាប់ៗ​ ខាងមុខនេះ​​ ដេីម្បីគៀងគរ​បច្ច័យ​ឧបត្ថម្ភគាំទ្រដល់ការងារកសាងកុដិឲ្យសាមណសិស្ស​ និស្សិតស្នាក់អាស្រ័យ​ នៅបួសរៀន​ ខណៈ​គម្រោង​កសាង​នេះ​នៅខ្វះ​ថវិកា​ប្រមាណ​ជាង​១០ម៉ឺន​ដុល្លារ​ ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាសនាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ វេរប្រគេនដល់ព្រះសង្ឃ សម្រាប់បិណ្ឌវេនទី២ នៅវត្តចំនួន២ ក្នុងក្រុងកំពង់ចាម​​​ ។

គួរ​បញ្ជាក់​ថា​ កាលពី​ព្រឹក​ថ្ងៃទី​១២​ ខែកញ្ញា​ ឆ្នាំ​២០២២​នេះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត​ បានដឹកនាំ ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត និងលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាការ មន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន បាននាំយកទេយ្យទាន ចង្ហាន់ បិណ្ឌបាត្រ វេរប្រគេនដល់ព្រះសង្ឃ នៅវត្តខេមវ័ន្តបឹងស្នាយ «ហៅវត្តថ្មី» ស្ថិតនៅក្នុងសង្កាត់សំបួរមាស និងវត្តជោតនារាមបឹងកុក «ហៅវត្តបឹងកុក» ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

នាឱកាស​នោះ​ដែរ ឯកឧត្ដម ខ្លូត ផន និងឯកឧត្ដម អ៊ុន ចាន់ដា ព្រមទាំង សហការី បាននាំយកទេយ្យវត្ថុប្រគេន ដល់វត្តទាំង ២ខាងលើ ដោយក្នុង ១វត្ត ៖ អង្ករ​ ១០០គីឡូ​ក្រាម ទឹកសុទ្ធ​ ៥កេស​ ទឹកក្រូច​ ៥កេស​ ទឹកដោះគោខាប់​ ១កេស​ធំ​ តែ​ ៥កញ្ចប់​ ស្ករស ៥គ.ក្រ​ មី ១កេសធំ ត្រីខ​ ១យួរ​ និងបច្ច័យកសាង ចំនួន​ ៥លាន.៨១ម៉ឺន​រៀល​ ចំពោះ​ព្រះសង្ឃ ៧អង្គ ក្នុង ១អង្គៗ ប្រគេន ទេយ្យវត្ថុ ចំនួន ១ បច្ច័យ ១០ម៉ឺនរៀល ចង្ហាន់ ១ស្រាក់ និងផ្លែឈើ ១កន្ត្រក​ផងដែរ​ ៕