(កំពង់ធំ)÷ លោកជំទាវ លំគន្ធារី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយ ស្ដីពីការបង្កើតគណៈកម្មការរៀបចំការប្រណាំងទូក(ង)ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីបែងចែកការទទួលខុសត្រូវពីតួនាទី/ភារកិច្ច ដែលរដ្ឋបាលខេត្តបានសម្រេចដាក់ឲ្យអនុវត្តតាមគោលដៅ។
ថ្លែងនៅក្នុងកម្មវិធីនេះ នារសៀលថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២២ លោកជំទាវ លំ គន្ធារី ក៏បានមានប្រសាសន៍ សម្រាប់អនុគណៈកម្មការថ្នាក់កណ្ដាល មានភារកិច្ចទទួលពិនិត្យការងាររួម និងដោះស្រាយរាល់បញ្ហាទាំងឡាយជុំវិញការរៀបចំពិធីប្រណាំងទូក ពិនិត្យនិងផ្ដល់យោបល់ការអនុវត្តតួនាទី/ភារកិច្ចរបស់អនុគណៈកម្មការនានា។ ក្នុងនោះផងដែរអនុគណៈកម្មការសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ មានភារកិច្ចរៀបចំផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់ ទាំងថ្ងៃទាំងយប់កំឡុងពេលរៀបចំ និងប្រារព្ធពិធី។ ចាត់ចែងកម្លាំងសម្រួលចរាចរណ៍បញ្ជៀសការកកស្ទះ និងការរៀបចំចំណតយានយន្តគ្រប់ប្រភេទឲ្យបានល្អ ត្រៀមរៀបចំក្រុមពន្លត់អគ្គីភ័យ រៀបចំបាញ់កាំជ្រួច និងបណ្ដែតប្រទីប។
លោកជំទាវអភិបាលរងខេត្តកំពង់ធំក៏បានលើកឡើងសម្រាប់អនុគណៈកម្មការខ្លឹមសារ ពិធីការ និងព័ត៌មាន មានភារកិច្ច ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធនានាចូលរួមក្នុងកម្មវិធី។ សហការជាមួយអនុស្សគណៈកម្មការ បច្ចេកទេស សោភ័ណភាព និងទស្សនីយភាព បង្កើតផ្ទាំងរូបភាព រៀបចំខ្លឹមសារបដានានាសម្រាប់អបអរសាទរពិធីប្រណាំងទូក និងបង្កើតស្បតសម្រាប់ការផ្សព្វផ្សាយ តាមវិទ្យុ ទូរទស្សន៍ និងបណ្ដាញទំនាក់ទំនងសង្គម អំពីការរៀបចំពិធីបុណ្យអុំទូក។
ជាចុងក្រោយលោកជំទាវ លំ គន្ធារី ក៏បានជំរុញបន្ថែមដល់អនុគណៈកម្មការផ្គត់ផ្គង់ជីវភាព និងស្នាក់នៅ មានភារកិច្ចរៀបចំកន្លែងស្នាក់នៅអាស្រ័យជូនកីឡាករឲ្យបានសមរម្យ។ សហការជាមួយអនុគណៈកម្មការស្វែងយល់មូលនិធិ និងផ្តល់ម្ហូបអាហារ ឲ្យបានគ្រប់គ្រាន់ដល់កីឡាករទូក(ង)។ ធ្វើការផ្សព្វផ្សាយទំនាក់ទំនង និងគៀរគរធនធាននៅតាមបណ្ដាក្រុមហ៊ុន សហគ្រាស មន្ទីរអង្គភាព អង្គការជាតិ អន្តរជាតិ សប្បុរសជននានា ឲ្យចូលរួមគាំទ្រ និងឧបត្ថម្ភជាសម្ភារៈ និងថវិកា ដើម្បីឲ្យការប្រណាំងទូកប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។




































