អត្ថបទលោក៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បានសហការរួមគ្នា ចុះបង្ក្រាប និងរឹបអូសបានឈើច្រើនប្រភេទ មានចំនួន ១៣៦សន្លឹក ដែលឈើទាំងនោះ ត្រូវគេដឹងថា មានឈ្មួញមួយក្រុម កំពុងបំផុស
និងបោះលុយឲ្យប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននោះ ធ្វើសកម្មភាពចូលទៅកាប់ផ្តួល អារ ពុះ និងជ្រៀក ដឹកជញ្ជូនចេញពីដែនព្រៃព្រះរការ បើទោះបីព្រៃនោះ ត្រូវបានការពារដោយអនុក្រឹត្យ និងការពារដោយក្រុមមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ យ៉ាងណាក៏ដោយ ។
ដែនជម្រកសត្វព្រៃព្រះរការ ត្រូវគេដឹងថា បានលាតសន្ធឹងលើផ្ទៃដីព្រៃឈើ ក្នុងទំហំ៩ម៉ឺន ៦ពាន់ហិចតា គ្របដណ្តប់លើស្រុកចំនួន៣ នៃខេត្តព្រះវិហារ គឺស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ ហើយត្រូវបានរាជរដ្ឋាភិបាល ដាក់បញ្ចូលជាតំបន់អភិរក្ស កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ។ ប៉ុន្តែ ទោះបីជាបានដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃយ៉ាងណាក្តី ព្រៃព្រះរការក៏នៅតែរងការកាប់ទន្ទ្រាន ដឹកយកទៅធ្វើជំនួញដោយខុសច្បាប់ ពីឈ្មួញមួយក្រុមតូច នៅក្នុងមូលដ្ឋាននោះ ជាដដែល ។
នៅក្នុងសកម្មភាពដឹកជញ្ជូនឈើ ធ្វើជំនួញដោយខុសច្បាប់នោះ បានប្រញាប់ឲ្យនាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បញ្ជាដល់មន្ត្រីក្រោមឱវាទ ឲ្យសហការរួមគ្នាជាមួយ អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ចុះបង្ក្រាបទីតាំងស្តុកទុកឈើមួយកន្លែង និងរឹបអូសបានឈើលេខ១ ពីរប្រភេទ គឺ ឈើស្ទៀង និងឈើពពេល មានចំនួន ១៣៦សន្លឹក ដែលឈ្មួញបានប្រើប្រាស់រូបភាព តាមរយៈប្រជាពលរដ្ឋ ដឹកចេញពីដែនព្រៃការពារ យកមកលាក់ទុក និងត្រៀមដឹកបន្តយកទៅធ្វើជំនួញ នៅក្រៅរង្វង់ដែនដីខេត្តព្រះវិហារ ។
ប្រតិបត្តិការចុះបង្ក្រាប និងរឹបអូសឈើនោះ បានធ្វើឡើងនៅម៉ោង ៩ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ នៅក្នុងដីឡូត៍មួយកន្លែង ខាងមុខសាលាស្រុកត្បែងមានជ័យ ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងលាក់ទុកឈើនោះ បានធ្វើឡើងក្រោមកិច្ចសហការ រវាង កម្លាំងផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ កម្លាំងកងរាជអាវុធហត្ថស្រុក កម្លាំងនគរបាលស្រុក ដោយមានការចូលរួមពី អភិបាលរងស្រុក លោក សុខ មុន្នីរិទ្ធ និងមានសម្របសម្រួលក្នុងការបង្ក្រាប ដោយលោក គឹម សំលេង ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ផងដែរ ។ ចំណែក ឈើដែលរឹបអូសបាននោះ មានចំនួន ១៣៦សន្លឹក មានមុខកាត់ពី ២០ ទៅ ៣០សង់ទីម៉ែត្រ និងមានប្រវែង ២ម៉ែត្រ ឈើទាំងនោះ ត្រូវបាននាំយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕





































