ខេត្តកំពង់ធំ៖ ថ្នាក់ដឹកនាំ និងនាយទាហាន ពលទាហាន នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញចូលរួម ក្នុងពិធីសូត្រមន្តរាប់បាត្រ បង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមឳកាសក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នៅវិមានរំលឹកគុណយុទ្ធជនពលី ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្តែងនូវការដឹងគុណ ដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ទាំងអស់ដែលបានពលីជីវិត ក្នុងការការពារទប់ស្កាត់ ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន នឹងរួមចំណែកចូលរួមក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អំពាវនាវគ្រប់មជ្ឈដ្ឋាន សូមមេត្តារួមគ្នាបន្តថែរក្សា សុខសន្តិភាព ដែលកំពុងមានដូចសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានអញ្ជើញអុជធូបនៅតាមផ្នូរសព របស់កម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានតម្កល់ទុកនៅវិមានរំលឹកគុណយុទ្ធជនពលី នឹងបានប្រគេនទេយ្យទាន រួមទាំងបច្ច័យមួយចំនួនសម្រាប់ផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ និងចូលរួមក្នុងការកសាងសមិទ្ធផលនានានៅក្នុងវត្តបទុមរ័ត្នហៅវត្តក្រចាប់ ស្ថិតក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ផងដែរ។ដោយ ប៊ុន រដ្ឋា ។
ដោយ ប៊ុន រដ្ឋា





































