អាជ្ញាធរខេត្តកំពង់ចាម​​ ចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តបុទុមរតនៈ​ដីដុះ​ និងវត្តសុទស្សនារាម​ជ្រោយថ្ម​

0

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ នាព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា​ ឆ្នាំ​២០២២​នេះ​ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តបុទុមរតនៈ​ដីដុះ​ និងវត្តសុទស្សនារាម​ជ្រោយថ្ម​ ស្ថិតក្នុងក្រុងកំពង់ចាម​​ ដោយ​មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំង​​មន្ត្រីរាជការ​ អាជ្ញាធរ​មូលដ្ឋាន​ និង​ពុទ្ធបរិស័ទ​ជិតឆ្ងាយផងដែរ​។

ក្នុង​ឱកាសនោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ និង​លោក​ឯកឧត្តម​ ខ្លូត​ ផន​​​​ ព្រមទាំង សហការី បាន​ឧទ្ទិស សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ បុព្វការី​ជន ​បាន​យោង​យកកំណើត​កើត​នៅ​ក្នុង​ទីឋាន​ដ៏​ខ្ពង់ខ្ពស់​ និង​ងាក​ក្រោយ​ឲ្យ​ពរជ័យ ដល់​កូន ​ចៅ​បាន​សេចក្តីសុខ សេចក្តីចម្រើន ​ជាពិសេស​សូម​ឲ្យ​​ព្រះ​បារមី​ដ៏​សក្ដិសិទ្ធិ​នៅក្នុង​លោក ព្រះ​បារមីនៅវត្តបុទុមរតនៈ​ដីដុះ​ និងវត្តសុទស្សនារាម​ជ្រោយថ្ម​ តាម​ជួយ​បីបាច់​ថែរក្សា​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ​មាន​សុខ​ភាព​ល្អ​បរិបូរណ៍ ​ជន្មាយុ​យឺនយូរ ដើម្បី​សម្តេច​បាន​ដឹកនាំ​ ​ការពារ​ព្រះរាជាណាចក្រ​កម្ពុជា​ ឲ្យ​​រក្សា​បាន​ជានិរន្តរ៍ ​ នូវ​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ និង​ការអភិវឌ្ឍ រីកចំរើន​ថ្មីៗ​បន្ថែមទៀត​ ដើម្បី​ជា​សេចក្តីសុខ​ សេចក្តីចម្រើន​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស។ ព្រមទាំង​ឧទ្ទិស​នូវ​មហា​កុសលផល​បុណ្យ​ សូម​ឲ្យ​បាន​ដល់​វិញ្ញាណក្ខន្ធ​វីរៈ​កម្មាភិបាល​ យុទ្ធជន​ យុទ្ធ​នារី អ្នកស្នេហាជាតិ ដែល​បាន​បាត់បង់​ជីវិត​ដើម្បី​បុព្វ​ហេតុ​ជាតិ​មាតុភូមិ​ជាតិ​ស្នេហា​នៃ​យើង​ផងដែរ​ ។

នាឱកាស ឯកឧត្ដម ខ្លូត ផន និងឯកឧត្ដម អ៊ុន ចាន់ដា ព្រមទាំងសហការី បាននាំយកទេយ្យវត្ថុប្រគេន ដល់វត្តទាំង ២ខាងលើ ដោយក្នុង ១វត្ត ៖ អង្ករ​ ១០០គីឡូ​ក្រាម ទឹកសុទ្ធ​ ៥កេស​ ទឹកក្រូច​ ៥កេស​ ទឹកដោះគោខាប់​ ១កេស​ធំ​ តែ​ ៥កញ្ចប់​ ស្ករស ៥គ.ក្រ​ ត្រីខ​ ១កេស​ ទឹកត្រី​ ៥យួរ​ និងបច្ច័យកសាងជាង​ ៥​លានរៀល​ ។ ដោយឡែក ព្រះសង្ឃ ៧អង្គ ក្នុង ១អង្គៗ ប្រគេន ទេយ្យវត្ថុ ចំនួន ១ បច្ច័យ ១០ម៉ឺនរៀល ចង្ហាន់ ១ស្រាក់ និងផ្លែឈើ ១កន្ត្រក ផងដែរ ៕