(ប៉ៃលិន)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានបន្តធ្វើយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន» ដោយសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងមន្ត្រីនៃការិយាល័យចរាចណ៍ផ្លូវគោកខេត្ត។ យុទ្ធនាការនេះ ប្រព្រិត្តទៅនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមការដឹកនាំពីសំណាក់ លោក ឌឹន គឹម នាយកប្រតិបត្តិសាខា តំណាងលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាខេត្ត មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មន្ត្រីប្រតិបត្តិ និងមន្រ្តីការិយាល័យនគរចរាចរណ៍ផ្លូវគោកខេត្ត យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត ជាច្រើននាក់។
ក្នុងឱកាសបើកយុទ្ធនាការខាងលើនេះ លោក ឌឹម គឹម នាយកប្រតិបត្តិសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ត្រីសុវត្ថិភាពចរាចរណ៍ ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាចូលរួមក្នុងការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យចូលរួមលើកកម្ពស់ និងពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា។លោកនាយកប្រតិបត្តិសាខា ក៍បានបញ្ជាក់ថា ពីធីនេះក៍មានការចង្អុលដឹកនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា ដោយលោកជំទាវ តែងតែពិនិត្យឃើញថា ការធ្វើដំណើរតាមដងផ្លូវ របស់ប្រជាពលរដ្ឋ កាន់តែមមារញឹកនោះ, គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាគួអោយព្រួយបារម្ភ ចំពោះសោកនាដកម្ម ហើយមូលហេតុចម្បង ដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ គឺមកពីមនុស្សម្នាក់ៗ ដែលមិនគោរពច្បាប់ចរាចរណ៍ ក្នុងនោះមានដូចជាការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនគោរពសញ្ញាចរាចរណ៍ មិនពាក់មួកសុវត្ថិភាពត្រឹមត្រូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរក្នុងពេលស្រវឹងជាដើម។
លោក ឌឹម គឹម នាយកប្រតិបត្តិសាខា បានថ្លែងបន្តថា ទន្ទឹមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយយថាហេតុ វាក៏ជារឿង ដែលយើងត្រូវយកចិត្តទុកដាក់ ក្នុងការដោះស្រាយទាំងអស់គ្នាដែរ។ ក៏ប៉ុន្តែបញ្ហាទាំងអស់នេះ យើងអាចចូលរួមទប់ស្កាត់ កាត់បន្ថយ និងត្រៀមបង្ការបាន តាមរយៈការចូលរួមអនុវត្តច្បាប់ របស់ពលរដ្ឋម្នាក់ៗ។ ហេតុដូចនេះ ភារកិច្ចរបស់យើង គឺចុះអប់រំផ្សព្វផ្សាយ លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើង ឱ្យចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។
សូមបញ្ជាក់ថា៖ យុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចណ៍ ក្រុមការងារបានចែកកម្លាំងជាពីរក្រុម អ្នកទទួលផលចំនួន ២០១ ខ្នងផ្ទះ អ្នកចូលរួមសរុបចំនួន ៤១៨ នាក់ ស្រី ២៩៦ នាក់ បិតផ្ទាំងចំណាំងផ្លាត ចំនួន ១៦៨ ម៉ូតូ និង រទះកង់បី ចំនួន ៧៤ រទះ ចែកម៉ាស់ ៤០០ បន្ទះ ផ្ទាំងរូបភាពស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន ៥១ សន្លឹក ប័ណ្ណផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន ៣២៥ សន្លឹក សៀវភៅច្បាប់ចរាចណ៍ផ្លូវគោក ១៩២ ក្បាល ផងដែរ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន