កិច្ចប្រជុំក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីត្រួតពិនិត្យ និងចាត់អាទិភាពគម្រោង ឫសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)​របស់​រដ្ឋបាលខេត្តកែប

0

(ខេត្តកែប)៖ នៅរសៀល​ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក​ អ៊ឹម​ បញ្ញារិទ្ធិ​ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត តំណាងរដ្ឋបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធនានា សរុបប្រមាណ៤២រូប ដើម្បីប្រជុំត្រួតពិនិត្យ និងចាត់​អាទិភាពគម្រោង សកម្មភាព​កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)របស់រដ្ឋបាលខេត្ត ​នៅសាលប្រជុំសាលាខេត្តកែប។

មានប្រសាសន៍​ ក្នុងពិធីបេីកកិច្ចប្រជុំនេះ​ លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត បានលេីកឡេីងថា កិច្ចប្រជុំនាពេលនេះ គឺមានគោលបំណងឱ្យសមាជិក​ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបី​ឆ្នាំ​រំកិល​ខេត្ត និងអ្នកពាក់ព័ន្ធយល់កាន់តែច្បាស់អំពីដំណើរការ និងសារសំខាន់នៃការរៀបចំកសាងកម្មវិធីវិនិយោគ​បីឆ្នាំរំកិលខេត្ត និងពិនិត្យ កែសម្រួល និងរៀបចំតាមលំដាប់អាទិភាព នូវបណ្តាបញ្ជីគម្រោង ដូចខាងក្រោម៖
– តារាងគម្រោង សកម្មភាពកំពុងដំណើរការ
– តារាងគម្រោង សកម្មភាពមានថវិកាគាំទ្រ
– តារាងគម្រោង សកម្មភាពមិនមានថវិកាគាំទ្រ
– តារាងគម្រោង សកម្មភាពរបស់ក្រសួង ស្ថាប័នកំពុងដំណើរការក្នុងដែនដីខេត្ត
– តារាងគម្រោង សកម្មភាពរបស់អង្គការជាតិ អន្តរជាតិ និងវិស័យឯកជនកំពុងដំណើរ​​ការក្នុងដែនដីខេត្ត
– តារាងគម្រោង សកម្មភាពវិនិយោគដែលបាន​បញ្ចប់។ល។

បន្ទាប់ពី​លោក​ អ៊ឹម​ បញ្ញារិទ្ធិ មានមតិបើកកិច្ចប្រជុំរួចមក លោក ភោគ សុខេន អនុប្រធានមន្ទីរផែនការខេត្ត បានធ្វើបទបង្ហាញពីបញ្ជីគម្រោង សកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)​របស់​រដ្ឋបាលខេត្ត​ ជូនអង្គប្រជុំ ដើម្បីពិនិត្យ កែសម្រួល បំពេញបន្ថែម និង​ចាត់​អាទិ​ភាព ជា​បន្តបន្ទាប់។​ ដោយបាន​ ពិនិត្យ កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាត នូវបញ្ជីគម្រោងសកម្មភាព នៃ​កម្ម​វិធី​វិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)របស់រដ្ឋបាលខេត្ត ដែលបានដាក់ជូន រួមមាន៖
✓ បញ្ជីគម្រោង សកម្មភាពកំពុងដំណើរការ ដោយបំពេញបន្ថែមនូវចំណុចខ្វះខាត​ ​មាន​ដូចជា(ការឆ្លើយតបនឹងគោលដៅ, កម្រិតទុនវិនិយោគតាមបណ្តាឆ្នាំ)
✓ តារាងគម្រោង សកម្មភាពមានថវិកាគាំទ្រ ដោយបំពេញបន្ថែមនូវចំណុចខ្វះខាត​មាន​ដូចជា(​កម្រិតទុនវិនិយោគតាមបណ្តាឆ្នាំ,រយៈពេលនៃការអនុវត្ត)
✓ តារាងគម្រោង សកម្មភាពមិនមានថវិកាគាំទ្រ ដោយបំពេញបន្ថែមនូវចំណុចខ្វះខាត មាន​ដូចជា(​ការឆ្លើយតបនឹងគោលដៅ, រយៈពេលនៃការអនុវត្ត និងបន្ថែមគម្រោង​សកម្មភាព​ថ្មីៗ មួយចំនួន)
✓ បញ្ជីកម្មវិធីប្រតិបត្តិការសេវារដ្ឋបាល ប្រចាំឆ្នាំ២០២៣ ដោយបំពេញបន្ថែម​ និងកែ​សម្រួល​​​លើសេវារដ្ឋបាលរបស់មន្ទីរអង្គភាពមួយចំនួន។

​នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ​ លោកអភិបាលរងខេត្ត​ បានជម្រុញ​ និងលើកទឹកដល់អ្នកចូលរួមទាំងអស់ ដែលជាតំណាងមន្ទីរអង្គភាព ត្រូវរាយការណ៍​ជូន​ប្រធាន​មន្ទីរអង្គភាពរៀងខ្លួនអំពីលទ្ធផលកិច្ចប្រជុំនេះ និងធ្វើការបំពេញបន្ថែមនូវចំណុចខ្វះខាត លើគម្រោងសកម្មភាពវិស័យរបស់ខ្លួន ឱ្យបានទាន់ពេលវេលា​ និងត្រឹមត្រូវ​។ លោកក៏បាន​ជម្រុញក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត រៀបចំវេទិ​កា​ពិគ្រោះយោបល់ស្តីពីការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឱ្យ​បានទាន់​ពេល​វេលា។ ជាពិសេស​ លើកទឹកចិត្តដល់រដ្ឋបាលក្រុង ស្រុក ជួយជម្រុញ ដល់រដ្ឋបាលឃុំសង្កាត់ ឱ្យរៀបចំ និង​កសាង​ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២៣-២០២៧) និងកម្មវិធីនិយោគបីឆ្នាំរំកិល​(២០២៣​​-២០២៥)​របស់រដ្ឋបាលឃុំ​ សង្កាត់ ឱ្យបាន​ទាន់​ពេល​វេលា នៃច្បាប់កំណត់៕ សេង ណារិទ្ធ